នៅថ្ងៃពុធ ទី២៤ ក្រសួងការបរទេសស៊ីរីបានចោទប្រកាន់លើក្រុមឧទ្ទាមនៅក្នុងខេត្ត Idlib ភាគពាយ័ព្យនៃប្រទេសថាបានរៀបចំការវាយប្រហារគីមីដើម្បីកម្ចាត់កងទ័ពស៊ីរី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រសួងបាននិយាយថា ក្រុមឧទ្ទាមសហការជាមួយក្រុម White Helmet និងជាក្រុមដែលស្ថិតនៅក្រោមការគាំទ្ររបស់ប្រទេសតួកគីកំពុងរៀបចំការវាយប្រហារគីមីនៅក្នុងខេត្ត Idlib។
សារធាតុគីមីចំនួន ២ តោនត្រូវគេជញ្ចូនទៅភូមិមួយនៅភាគនិរតីនៃខេត្ត Idlib ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះដែលកត្តានោះគឺជាផ្នែកមួយនៃការរៀបចំសម្រាប់ការវាយប្រហារ។ ក្រសួងបានស្នើរដល់បណ្តាប្រទេសដែលគាំទ្រក្រុមឧទ្ទាមឲ្យបញ្ឈប់លេងល្បែងនោះ ដោយសារសកម្មភាពបានបន្សល់ទុកតែជនស៊ីវិលដែលរងគ្រោះប៉ុណ្ណោះ។
ស្របពេលជាមួយគ្នានេះផងដែរ ក្រសួងនិយាយជាថ្មីម្តងទៀតនូវជំហររបស់រដ្ឋាភិបាលថាកងកម្លាំងស៊ីរីមិនមានអាវុធគីមី និងមិនដែលប្រើប្រាស់អាវុធទាំងនោះឡើយ។
ការអះអាងថ្មីនេះធ្វើឡើងនៅពេលដែលការបាញ់ផ្លោងបានចាប់ផ្តើមកើតឡើងវិញរវាងកងទ័ពស៊ីរី និងក្រុមឧទ្ទាមនៅថ្ងៃពុធនៅភាគខាងត្បូងខេត្ត Idlib។ សូមបញ្ជាក់ថា ខេត្ត Idlib បានក្លាយជាបន្ទាយរឹងមាំចុងក្រោយរបស់ឧទ្ទាមក្នុងប្រទេសស៊ីរី។
គួររំលឹកផងដែរថា នៅខែមីនា ប្រទេសតួកគី និងប្រទេសរុស្ស៊ីបានបង្កើតការឈប់បាញ់គ្នារវាងកងកម្លាំងស៊ីរី និងក្រុមឧទ្ទាម។ ទោះជាយ៉ាងណាការប៉ះទង្គិចគ្នា និងការបាញ់ផ្លោងនៅតែបន្តកើតមានរវាងកងទ័ពស៊ីរី និងក្រុម Hayat Tahrir al-Sham ជាក្រុមឆ័ត្ររបស់
រណសិរ្ស Nusra Front ដែលមានទំនាក់ទំនងជាមួយអាល់កៃដា(al-Qaida)។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០