យោងតាមរបាយការណ៍ហេតុការណ៍ផ្ទុះបានកើតឡើង ខណៈរថយន្តដឹកប្រេងកំពុងព្យាយាមចូលរោងចក្រ Cerato Gas Plant ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រថយន្តដឹកប្រេង១គ្រឿងផ្ទុះ កាលពីថ្ងៃព្រហស្បតិ៍ នៅរដ្ឋ Lagos នៃប្រទេសនីហ្សេរីយ៉ា ដែលបណ្តាលឱ្យរងរបួសមនុស្សយ៉ាងហោចណាស់១៥នាក់ ឆេះយានយន្តជាច្រើន និងកម្ទេចអគារមួយចំនួនទៀតផង។
នេះបើយោងតាមគេហទំព័រ Premium Times នៅក្នុងស្រុកឧប្បត្តិហេតុនេះ បានកើតឡើងនៅចំណតរថយន្ដក្រុងមួយក្នុងតំបន់រដ្ឋាភិបាលទីក្រុង Ifako-Ijaiye ។
“ការស៊ើបអង្កេតបន្ថែមបានបង្ហាញថា រថយន្តដឹកប្រេងមិនស្គាល់ បានជួបគ្រោះថ្នាក់ហើយក៏បានផ្ទុះ” គេហទំព័របានដកស្រង់សម្តីទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរបស់រដ្ឋ Lagos (LASEMA) ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
របាយការណ៍ក៏បានបន្ថែមទៀតថា “ផលប៉ះពាល់នៃហេតុការណ៍ផ្ទុះបានបង្កជាអគ្គិភ័យនៅអគារដែលនៅជាប់គ្នា និងរថយន្តជាច្រើនបានឆេះ… មនុស្សជាច្រើនបានរងរបួស និងបានបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតបំផុតដើម្បីព្យាបាល” ។
ហេតុការណ៍ផ្ទុះនេះបានកើតឡើង ខណៈរថយន្តដឹកប្រេងកំពុងព្យាយាមចូលរោងចក្រ Cerato Gas Plant នៅតំបន់នោះ នេះបើយោងតាមសម្តីរបស់លោក Ibrahim Farinloye មន្ត្រីនៅ LASEMA៕
អ្នកប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មានពី Anadolu Agency ចេញផ្សាយថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០