អ្នកនាំពាក្យប៉ូលិសខេត្តលោក Shah Mohammad Arian មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា សមាជិករបស់ក្រុមសកម្មប្រយុទ្ធតាលីបង់ត្រូវគេសម្លាប់ ហើយការវាយលុករបស់ក្រុមសកម្មប្រយុទ្ធទៅលើស្រុក Waza Khwa ក្នុងខេត្ត Paktika នៅភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថានត្រូវបានបង្ក្រាប។
យោងតាមប្រភពព័ត៌មានពីមន្ត្រីបានឲ្យដឹងថា យុទ្ធជនតាលីបង់បានបើកការវាយលុកជាច្រើននៅយប់ថ្ងៃពុធលើស្រុក Waza Khwa ប៉ុន្តែមន្ត្រីប៉ូលិសរួមជាមួយកងកម្លាំងទ័ពបានបាញ់តបវិញ និងសម្លាប់សមាជិកក្រុមបះបោរចំនួន៦៥នាក់ និងបណ្តាលឲ្យសមាជិកចំនួន៣៥នាក់ផ្សេងទៀតរងរបួស ដែលជាកត្តាបង្ខំឱ្យក្រុមបះបោរនៅសល់រត់គេចខ្លួន។
លោក Arian បន្ថែមឲ្យដឹងផងដែរថា ប៉ូលិសចំនួន០៣នាក់ ត្រូវគេសម្លាប់ និងចំនួន០៦ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការឆាបឆេះនោះផងដែរ។ ប្រភពមន្ត្រីបន្ថែមទៀតថា កម្លាំងសន្តិសុខបាន និងកំពុងដេញតាមក្រុមបះបោរដើម្បីរក្សាសន្តិភាព និងសន្តិសុខនៅក្នុងស្រុក Waza Khwa ដែលនៅសេសសល់ និងតំបន់ជុំវិញនោះ។
ក្រុមសកម្មប្រយុទ្ធតាលីបង់មិនទាន់ធ្វើអត្ថាធិប្បាយអំពីស្ថានភាពនេះនៅឡើយទេ។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០