បព្វជិតសាសនា Shia និងជាមេដឹកនាំក្រុមចម្រុះ Sairoon ដ៏មានឥទ្ធិពលរបស់អ៊ីរ៉ាក់លោក Muqtada al-Sadr បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើការវាយប្រហារទៅលើបេសកកម្មការទូតអន្តរជាតិនៅក្នុងប្រទេសនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅលើគណនី Twitter របស់លោក Sadr បាននិយាយថា“ គណៈកម្មាធិការសន្តិសុខយោធា និងសភាតំណាងរាស្ត្រ” គួរតែត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតពីការរំលោភលើបេសកកម្មការទូតបរទេសនៅក្នុងប្រទេសអ៊ីរ៉ាក់ដើម្បីធានាឱ្យបាននូវស្ថានភាពសន្តិសុខក៏ដូចជាកិត្យានុភាពរបស់រដ្ឋអ៊ីរ៉ាក់។
តំបន់បៃតងដែលជាទីតាំងការិយាល័យរបស់រដ្ឋាភិបាល និងស្ថានទូតអាមេរិក អាកាសយានដ្ឋានអន្តរជាតិ Baghdad និងមូលដ្ឋានយោធាផ្សេងទៀតដែលជាទីតាំងកងទ័ពអាមេរិកតែងតែត្រូវបាន វាយប្រហារដោយគ្រាប់រ៉ុក្កែតក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយក្រុងវ៉ាស៊ីនតោនបានស្តីបន្ទោសលើក្រុមជីវពលដែលគាំទ្រអ៊ីរ៉ង់ចំពោះឧប្បត្តិហេតុ។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះលោក Sadr បានអំពាវនាវដល់កងកម្លាំង Hashd al-Shaabi ដែលគាំទ្រដោយអ៊ីរ៉ង់ការពារកុំអោយផ្នែកខ្លះនៃក្រុមរបស់ខ្លួនចូលរួមក្នុងការវាយប្រហារលើបេសកកម្មការទូតបរទេសនៅអ៊ីរ៉ាក់ ៕
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០