សមាជិកក្រុមសកម្មប្រយុទ្ធចំនួន១២នាក់ស្លាប់ និងចំនួន០៥នាក់ផ្សេងទៀតរងរបួសនៅក្នុងខេត្តចំនួនពីរ ដែលស្ថិតនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាននៅល្ងាចថ្ងៃសៅរ៍ ទី២៦ សប្តាហ៍មុន។
នៅក្នុងខេត្ត Logar កងទ័ពអាកាសអាហ្វហ្គានីស្ថានបានទម្លាក់គ្រាប់បែកទៅលើជំរុំតាលីបង់ ដោយបានសម្លាប់សមាជិកសកម្មប្រយុទ្ធចំនួន០៦នាក់។ ជំរុំនោះជាមជ្ឈមណ្ឌលគ្រប់គ្រង និងបញ្ជាសម្រាប់លោក Shafi Ullahដែលជាប្រធានផ្នែកស៊ើបការណ៍របស់ក្រុមតាលីបង់នៅក្នុងទីក្រុង Logar។
គេនៅមិនទាន់ដឹងថា លោក Shafi Ullah រងផលប៉ះពាល់នៅក្នុងហេតុការណ៍ ឬយ៉ាងណានោះទេ ដោយហេតុការណ៍ទម្លាក់គ្រាប់បែកកើតឡើងនៅម៉ោង ០៤និង ៥៥នាទីនៅក្នុងស្រុក Baraki Barak ដែលមានចម្ងាយ៦០គីឡូម៉ែត្រខាងត្បូងរដ្ឋធានីកាបុល (Kabul) ។
នៅក្នុងខេត្ត Ghazni ក្បែរនោះ កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានធ្វើការវាយប្រហារដ៏ធំមួយប្រឆាំងនឹងសកម្មប្រយុទ្ធនៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ Landa Khil ក្នុងស្រុក Ab Band ដែលជាកត្តាបង្ខំឱ្យសមាជិកក្រុមសកម្មប្រយុទ្ធចាកចេញពីតំបន់នោះ។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា៖ “សកម្មប្រយុទ្ធចំនួន០៦នាក់ត្រូវគេសម្លាប់ និងចំនួន០៥នាក់ផ្សេងទៀតរងរបួស។ កងកម្លាំងសន្តិសុខមិនបានរងគ្រោះថ្នាក់ក្នុងការប្រយុទ្ធគ្នានោះទេ។ ពួកគេបានរកឃើញម៉ូតូ ចំនួន៣គ្រឿង និងឧបករណ៍សម្រាប់មើលពេលយប់ចំនួនពីរ ក្រោយពីតំបន់នោះត្រូវបានដាក់ឲ្យនៅក្រោមការត្រួតពិនិត្យសុវត្ថិភាព។
សូមរំលឹកផងដែរថា ខេត្តទាំងនោះគឺជាទីតាំងដែលប្រឈមនឹងការប៉ះទង្គិចគ្នាយ៉ាងខ្លាំងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ យ៉ាងណាមិញ សមាជិកក្រុមសកម្មប្រយុទ្ធតាលីបង់មិនបានឆ្លើយតបនឹងរបាយការណ៍នេះទេរហូតមកដល់ពេលនេះ។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០