អ្នកនាំពាក្យប៉ូលិសខេត្តបញ្ជាក់នៅថ្ងៃអាទិត្យថា មន្ត្រីប៉ូលិសចំនួន០២នាក់ និងសមាជិកសកម្មប្រយុទ្ធតាលីបង់ចំនួន១៤នាក់ស្លាប់ក្នុងហេតុការណ៍ប្រយុទ្ធគ្នាដែលកើតឡើងនៅខេត្ត Samangan ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាននៅយប់ថ្ងៃសៅរ៍។
អ្នកនាំពាក្យលោក Munir Rahimi ប្រាប់ភ្នាក់ងារសារព័ត៌មានថា៖“ការប៉ះទង្គិចគ្នាបានកើតឡើង ក្រោយពីក្រុមសកម្មប្រយុទ្ធប្រដាប់ដោយកាំភ្លើង និងគ្រាប់បែកដៃបានវាយប្រហារលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខនៅជុំវិញតំបន់ Dara-i-Suf Payyan និងស្រុក Feruz Nakhcher ដែលនៅជិតខាង។ កងទ័ពអាកាសអាហ្វហ្គានីស្ថាន ក៏បានគាំទ្រដល់កងទ័ពជើងគោកដើម្បីកម្ចាត់ពួកសកម្មប្រយុទ្ធផងដែរ” ។
មន្ត្រីប៉ូលិសនិយាយថា សមាជិកក្រុមសកម្មប្រយុទ្ធចំនួន១២នាក់រងរបួសក្នុងពេលប្រយុទ្ធ និងបន្សល់សាកសពជាច្រើននៅលើដី ខណៈពេលដែលសមាជិកក្រុមសកម្មប្រយុទ្ធដែលនៅសេសសល់បានរត់ភៀសខ្លួនទៅកាន់ភ្នំក្បែរនោះ។
អ្នកភូមិនៅក្នុងតំបន់ និងបុគ្គលិកសមាគមអឌ្ឍចន្ទក្រហមអាហ្វហ្គានីស្ថានតែងតែប្រមូលសាកសពរបស់សមាជិកសកម្មប្រយុទ្ធ ក្រោយពីមានការប៉ះទង្គិចគ្នាដើម្បីកំណត់អត្តសញ្ញាណ និងប្រគល់សាកសពទៅឱ្យសាច់ញាតិរបស់ពួកគេ។ យ៉ាងណាមិញ អំពើហិង្សានៅតែបន្តកើតមាន សូម្បីតែមានកិច្ចចរចាសន្តិភាពរវាងគណៈប្រតិភូរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងតំណាងតាលីបង់កំពុងត្រូវបានធ្វើឡើងនៅរដ្ឋធានី Doha រដ្ឋឈូងសមុទ្រនៃប្រទេសកាតា (Qatar)។
សូមរំលឹកផងដែរថា សមាជិកក្រុមសកម្មប្រយុទ្ធតាលីបង់បានព្យាយាមទន្ទ្រានកាន់កាប់ទីប្រជុំជនឬស្រុកតូចៗនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន និងពង្រឹងទីតាំងរបស់ពួកគេ។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០