មនុស្ស០២នាក់​ស្លាប់​ក្នុង​ហេតុការណ៍​បាញ់​ផ្លោង​នៅ​កំពង់ផែ Hodeidah ប្រទេស​យេ​ម៉ែន

0

ពេទ្យ​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ថា ស្ត្រី និង​ក្មេងស្រី​ម្នាក់​ស្លាប់​នៅ​ថ្ងៃអាទិត្យ ម្សិលមិញ​នេះ នៅពេលដែល​គ្រាប់កាំភ្លើង​ធំ​បាន​វាយប្រហារ​លើផ្ទះ​ប្រជាជន​នៅ​ភាគខាងត្បូង​ទីក្រុង​កំពង់ផែ​សមុទ្រ​ក្រហម​របស់​ប្រទេស​យេ​ម៉ែន។

ពួកគេ​និយាយថា ស្ត្រី​ចំនួន០៣នាក់​ផ្សេងទៀត​រងរបួស​នៅ​ស្រុក al-Hawak ក្នុងអំឡុងពេល​មានការ​ប្រយុទ្ធ​គ្នា​ទៅវិញទៅមក​រវាង​កង​កម្លាំង​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម​Houthi ។

នៅក្នុង​ទីក្រុង​កំពង់ផែ Hodeidah មាន​បទ​ឈប់​បាញ់​គ្នា​ដ៏​រង្គោះរង្គើ​រវាង​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម Houthi ចាប់តាំងពី​ភាគី​ទាំងពីរ​ឈានដល់​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង Stockholm នៅ​ខែធ្នូ ឆ្នាំ២០១៨ ។

ទីក្រុង​កំពង់ផែ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម Houthi ស្រប​ពេលដែល​កងកម្លាំង​រដ្ឋាភិបាល​បានធ្វើ​ដំណើរ​ឆ្ពោះទៅមុខ​ទៅកាន់​ស្រុក​ភាគខាងត្បូង។

សូម​រំលឹក​ផងដែរ​ថា ប្រទេស​យេ​ម៉ែន​បាន​ធ្លាក់ចូល​ទៅក្នុង​សង្គ្រាមស៊ីវិល​ចាប់តាំងពី​ចុងឆ្នាំ២០១៤ នៅពេលដែល​ក្រុម​ឧទ្ទាម Houthi គាំទ្រ​ដោយ​អ៊ីរ៉ង់​បាន​កាន់កាប់​តំបន់​ជាច្រើន​នៅ​ភាគ​ខាងជើង​ប្រទេស និង​បាន​បង្ខំ​ឱ្យ​រដ្ឋាភិបាល ដែលមាន​ការទទួលស្គាល់​ជា​អន្តរជាតិ​លោក​ប្រធានាធិបតី Abd-Rabbu Mansour Hadi ចាក​ចេញពី​ទីក្រុង Sanaa។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here