អ្នកនាំពាក្យយោធានិយាយថា នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា កងទ័ពរដ្ឋាភិបាលហ្វីលីពីនបានប៉ះទង្គិចគ្នាជាមួយក្រុមឧទ្ទាមឆ្វេងនិយមក្នុងខេត្ត Masbate នៅភាគខាងត្បូងនៃទីក្រុងម៉ានីលបណ្តាលឱ្យសមាជិកឧទ្ទាមចំនួន០៣នាក់ស្លាប់។
លោក Dennis Cana អ្នកនាំពាក្យរបស់កងកម្លាំងប្រដាប់អាវុធហ្វីលីពីនភាគខាងត្បូង (AFP) មានប្រសាសន៍ថា ការប្រយុទ្ធគ្នាកើតឡើងនៅម៉ោង៥និង៣៥នាទីព្រឹកម៉ោងក្នុងស្រុក ក្រោយពីកងទ័ពប្រទះឃើញវត្តមានសមាជិកឧទ្ទាមថ្មី (NPA)ជាច្រើនក្នុងភូមិមួយនៅខេត្ត Masbate។ ខេត្ត Masbate ជាខេត្តកោះមួយស្ថិតនៅភាគខាងត្បូងនៃទីក្រុងម៉ានីល។
លោក Cana មានប្រសាសន៍ថា ពុំមានទាហានរដ្ឋាភិបាលណាម្នាក់ស្លាប់ ឬរងរបួសនៅក្នុងការប្រយុទ្ធគ្នាដែលមានរយៈពេល១៥នាទីនោះទេ។ លោកបន្ថែមថា កម្លាំងទ័ពបានរកឃើញកាំភ្លើងវែងចំនួន០១ដើម កាំភ្លើងខ្លី ២ដើម គ្រាប់មីន និងឯកសារជាច្រើនពីទីតាំងកើតហេតុ។
លោក Jonathan Zata ប្រធានការិយាល័យកិច្ចការសាធារណៈ AFP មានប្រសាសន៍នៅថ្ងៃអាទិត្យថា ចាប់តាំងពីខែមករា ឆ្នាំ២០២០មក កងកម្លាំងសន្តិសុខរបស់ប្រទេសហ្វីលីពីបានសម្លាប់យុទ្ធជន NPA សរុបចំនួន១៦៩នាក់ និងចាប់ខ្លួនបានចំនួន ២១៨ នាក់។
សូមរំលឹកផងដែរថា សមាជិកឧទ្ទាម NPA បានប្រយុទ្ធគ្នាជាមួយរដ្ឋាភិបាលហ្វីលីពីនតាំងពីឆ្នាំ១៩៦។ ការពិភាក្សាមានដំណើរការ និងបិទដំណើរការដើម្បីបញ្ចប់ការបះបោរដែលមានរយៈពេលជាច្រើនទសវត្ស និងបានសម្លាប់មនុស្សចំនួនរាប់ពាន់នាក់ ហើយធ្លាប់ជាប់គាំងម្តងទៀតនៅឆ្នាំមុន។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៨ ខែកញ្ញ្ញា ឆ្នាំ២០២០