មន្ត្រីនិយាយនៅថ្ងៃចន្ទ ទី២៨ថា កងកម្លាំងវរជនរបស់កងទ័ពជាតិជាតិសូម៉ាលី (SNA) បានសម្លាប់សមាជិកសកម្មប្រយុទ្ធ Shabab ចំនួន០៧នាក់ និងបណ្តាលឲ្យសមាជិកសកម្មប្រយុទ្ធរងរបួសជាច្រើននាក់នៅក្នុងប្រតិបត្តិការដ៏តឹងរ៉ឹងមួយនៅភាគខាងត្បូងប្រទេសសូម៉ាលី។
ប្រមុខកងទ័ពលោក Odowa Yusuf Rage ប្រាប់ភ្នាក់ងារព័ត៌មានរដ្ឋថា ប្រតិបត្តិការនោះចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ នៅតំបន់ Lego លើទឹកដី Lower Shabelle និងបញ្ចប់នៅព្រឹកថ្ងៃចន្ទ។
លោក Rage មានប្រសាសន៍៖“កងកម្លាំងរបស់យើងបានសម្លាប់សមាជិកក្រុមភេរវករចំនួន០៧នាក់ និងបណ្តាលឲ្យសមាជិករបស់ពួកគេរងរបួសជាច្រើននាក់ទៀតនៅតំបន់ Lego ក្នុងទឹកដី Lower Shabelle ចម្ងាយ ២០០គីឡូម៉ែត្រខាងត្បូងក្រុង Mogadishu ខណៈដែលយើងបាន
អនុវត្តប្រតិបត្តិការពិសេស ដែលបានគ្រោងទុកល្អដោយជោគជ័យជាមួយគោលដៅប្រឆាំងនឹងពួកសកម្មប្រយុទ្ធ” ។
សូមរំលឹកផងដែរថា ក្រុម Al-Shabab ជាក្រុមជ្រុលនិយមមានជាប់ទាក់ទងនឹងក្រុម al-Qaida ពុំទាន់បានធ្វើអត្ថាធិប្បាយអំពីការវិវត្តចុងក្រោយនៅតំបន់ Lower Shabelle ទេប៉ុន្តែពួកគេបានអះអាងថា សមាជិករបស់ពួកគេបានធ្វើការវាយប្រហារចំនួន៧ដងក្នុងពេលដំណាលគ្នាប្រឆាំងនឹងសហភាពអាហ្វ្រិក និងមូលដ្ឋាន SNA នៅភាគខាងត្បូង។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០