ភ្នាក់ងារសារព័ត៌មានផ្លូវការរបស់APSរាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ប្រធានាធិបតីអាល់ហ្សេរីលោក Abdelmadjid Tebboune បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper ជុំវិញបញ្ហាប្រឆាំងអំពើភេរវកម្ម និងវិបត្តិនៅប្រទេសលីប៊ី។
ពួកគេបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីនិងទស្សនវិស័យសម្រាប់ការពង្រឹងចំណងទាក់ទងរបស់ពួកគេនៅក្នុងវិស័យជាច្រើន និងការអភិវឌ្ឍនៃស្ថានភាពក្នុងប្រទេសលីប៊ី និងទីកន្លែងផ្សេងទៀតនៅក្នុងតំបន់។
ភាគីទាំងពីរបានឯកភាពថា ការពិគ្រោះយោបល់ និងការសម្របសម្រួលគួរតែអនុវត្តដើម្បី ពង្រឹងមូលដ្ឋានសន្តិសុខ និងសន្តិភាពនៅក្នុងតំបន់ក្រោមក្របខ័ណ្ឌនៃការគោរពឯកភាព និងអធិបតេយ្យភាពរបស់បណ្តាប្រទេសនានានៅក្នុងតំបន់។
ក្រសួងការពារជាតិសហរដ្ឋអាមេរិកនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោក Esper បានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងសហរដ្ឋអាមេរិក និងប្រទេសអាល់ហ្សេរីជាមួយនឹងលោកប្រធានាធិបតី។ លោក Esper បានទៅដល់ប្រទេសអាល់ហ្សេរី ក្រោយពីលោកបានទៅដល់ប្រទេសម៉ាល់ត៍ (Malta) និងទុយនីស៊ី(Tunisia) ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចជាបន្តបន្ទាប់កាត់តំបន់ប្រទេសទាំងនោះ។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០









