សមាជិក​ក្រុម​សកម្មប្រយុទ្ធ IS ចំនួន០៦នាក់​ត្រូវ​កម្លាំង​សន្តិសុខ​សម្លាប់​នៅ​ភាគ​ខាងលិច​ប្រទេស​អ៊ីរ៉ាក់

0

យោធា​អ៊ីរ៉ាក់​និយាយថា នៅ​ថ្ងៃ​ពុធ ទី០៧ ម្សិលមិញ​នេះ សមាជិក​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​សរុប​ចំនួន០៦នាក់​ត្រូវគេ​សម្លាប់​នៅក្នុង​ប្រតិបត្តិការ​មួយ​នៅ​ខេត្ត Anbar ភាគ​ខាងលិច​ប្រទេស​អ៊ីរ៉ាក់។

អ្នកនាំពាក្យ​អគ្គមេបញ្ជាការ​នៃ​កងកម្លាំង​អ៊ីរ៉ាក់​លោក Yehia Rasool និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ដោយមាន​ការគាំទ្រ​ពី​កាំភ្លើង​ធំ​របស់​ប្រទេស​អ៊ីរ៉ាក់ កងកម្លាំង​សន្តិសុខ​បានធ្វើ​ប្រតិបត្តិការ​មួយ​ដោយ​ផ្អែកលើ​របាយការណ៍​ចារកម្ម​នៅ​វាល​ខ្សាច់ Anbar។

ជា​លទ្ធផល ប្រតិបត្តិការ​នោះបាន​សម្លាប់​សមាជិក​ស​កម្ម​ប្រយុទ្ធ IS ចំនួន ០៦នាក់ និង​ចាប់បាន​មនុស្ស​ម្នាក់ទៀត ហើយ​ថែមទាំង​បាន​បំផ្លាញ​កន្លែង​លាក់ខ្លួន​ចំនួន០២ទីតាំង និង​រថយន្ត​មួយគ្រឿង។

សមាជិក​ក្រុម​សកម្មប្រយុទ្ធ IS នៅតែមាន​សកម្មភាព​យ៉ាងសកម្ម​នៅក្នុង​វាល​ខ្សាច់ Anbar ដ៏​ធំ​ល្វឹងល្វើយ ដែល​លាតសន្ធឹង​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ដូចជា​ស៊ី​រី​ហ្សកដានី និង​អារ៉ាប់​ប៊ី​សា​អូឌីត​ព្រោះថា សមាជិក​ឧទ្ទាម IS បាន​ជ្រៀតចូល​ទៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ជា​ញឹកញាប់​ក្នុង​គោលបំណង​ប្រមូលផ្តុំ​កម្លាំង​មកវិញ។

សូម​រំលឹក​ផងដែរ​ថា ស្ថានភាព​សន្តិសុខ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​មាន​លក្ខណៈ​ប្រសើរឡើង​យ៉ាងខ្លាំង ក្រោយពី​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​បានប្រកាស​រំដោះប្រទេស​អ៊ីរ៉ាក់​ពេញលេញ​ចេញពី​ការគ្រប់គ្រង​របស់​ក្រុម​សកម្មប្រយុទ្ធ IS នៅ​ចុងឆ្នាំ២០១៧ ហើយ​កងកម្លាំង​អ៊ីរ៉ាក់​បានធ្វើ​ប្រតិបត្តិការ​ម្តង​ហើយ​ម្តងទៀត​ដើម្បី​ត្រួតត្រា​តំបន់​ព្រំដែន​ទាំងមូល​ជាមួយ​ប្រទេស​ស៊ី​រី និង​វាល​ខ្សាច់​ក្បែរ​នោះ​នៅ​ភាគ​ខាងលិច​ប្រទេស​អ៊ីរ៉ាក់៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here