ស្លាប់០៣នាក់​របួស០៣នាក់​ក្នុង​ហេតុការណ៍​បាញ់ប្រហារ​នៅ​កណ្តាលប្រទេស​រុស្ស៊ី

0

ភ្នាក់ងារ​សារព័ត៌មាន TASS រាយការណ៍​ថា នៅ​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ មនុស្ស​ចំនួន០៣នាក់​ស្លាប់ និង​ចំនួន០៣នាក់​ផ្សេងទៀត​រងរបួស ក្រោយពី​មាន​ហេតុការណ៍​បាញ់ប្រហារ​នៅ​ចំណត​ឡានក្រុង​មួយ​នៅ​តំបន់ Nizhny Novgorod ភាគ​កណ្តាល​នៃ​ប្រទេស​រុស្ស៊ី។

ភ្នាក់ងារ​ព័ត៌មាន TASS ដកស្រង់​ប្រភពព័ត៌មាន​ពី​លោក​ប្រធាន​ក្រសួង​កិច្ចការ​ផ្ទៃក្នុង​តំបន់​ថា “ ពលរដ្ឋ​ម្នាក់នេះ​ត្រូវបាន​គេ​បាញ់សម្លាប់​ក្នុង​ហេតុការណ៍​វឹកវរ” ។

គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​របស់​ខ្មាន់កាំភ្លើង​ឬ​ឃាត់​ខ្មាន់កាំភ្លើង​ខ្លួន​បាន​នៅឡើយ​ទេ។ ភ្នាក់ងារ​សារព័ត៌មាន TASS រាយការណ៍​ថា មន្ត្រីប៉ូលិស​កំពុង​អនុវត្ត​វិធានការណ៍​ជាច្រើន​ដើម្បី​ស្វែងរក​អ្នកទទួលខុសត្រូវ។ ប្រភព​សារព័ត៌មាន TASS និយាយថា មនុស្ស​ចំនួន០៤នាក់​ស្លាប់ និង​ជាច្រើន​នាក់​ផ្សេងទៀត​រងរបួស​នៅក្នុង​ហេតុការណ៍​នោះ។

ភ្នាក់ងារ​សារព័ត៌មាន RIA  Novosti ដកស្រង់​ប្រសាសន៍​របស់​អភិបាល​តំបន់​លោក Gleb Nikitin ដែលមាន​សេចក្តី​ថា “បើ​ចាំបាច់​ជនរងគ្រោះ​នឹងត្រូវ​គេ​ជម្លៀស​ទៅ​មណ្ឌល​សុខភាព​ក្នុង​តំបន់” ។

យោងតាម​ប្រភព​ដដែល​បញ្ជាក់​ឲ្យ​ដឹងថា ស្ថានភាព​នៅតែមាន​ភាព​តានតឹង​ខណៈ​ប៉ូលិស​បានធ្វើ​ការព្រមាន​ដល់​ប្រជាជន​ក្នុង​តំបន់​អោយមាន​ការប្រុងប្រយ័ត្ន​ខណៈដែល​ជនល្មើស​មាន​អាវុធ​នៅក្នុង​ដៃ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here