មនុស្ស១៦នាក់​ស្លាប់​និង៩០នាក់​របួស​ក្នុង​ហេតុការណ៍​ផ្ទុះ​នៅ​ប្រទេសអា​ហ្វ​ហ្គា​នី​ស្ថាន

0

នៅ​ថ្ងៃអាទិត្យ ទី១៨ ខែតុលា ម្សិលមិញ​មាន​ហេតុការណ៍​ផ្ទុះ​យ៉ាង​កក្រើក​មួយ​កើតឡើង​នៅ​ខាងក្រៅ​ការិយាល័យ​ប៉ូលិស​ខេត្ត​នៅ​តំបន់ Firoz Koah ក្នុង​ខេត្ត Ghor ដោយ​សម្លាប់​មនុស្ស​ចំនួន១៦នាក់ និង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន៩០នាក់​រងរបួស។

លោក Abdul Latif Rahimi ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ថា​ចំនួន​អ្នកស្លាប់ និង​របួស​ចុងក្រោយ​នឹង​ផ្តល់ជូន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅពេល​ក្រោយ។ លោក Many មានប្រសាសន៍ថា អ្នករងរបួស​ជាច្រើន​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ។

មន្ត្រី​សន្តិសុខ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បញ្ចាក់​ឲ្យ​ដឹងថា ហេតុការណ៍​ផ្ទុះ​នេះ​កើតឡើង​នៅ​ម៉ោង ១១និង ១៥នាទី​ព្រឹក (ម៉ោង​ក្នុង​តំបន់) នៅពេលដែល​រថយន្ត​ដឹកទំនិញ​តូច​មួយគ្រឿង​ត្រូវគេ​បំផ្ទុះ​លើ​តាម​ដងផ្លូវ​នៅក្នុង​តំបន់​ដែលមាន​មន្ទីរ​នគរបាល​ខេត្ត​និង​ការិយាល័យ​រដ្ឋាភិបាល​ជាច្រើន។

លោក​បន្ថែមថា មូលហេតុ​នៃ​ការផ្ទុះ​នេះ​អាច​ជាការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត។ ចំណែកឯ ការផ្ទុះ​បណ្តាល​ឲ្យ​ផ្សែងក្រាស់ៗហើរ​ទៅលើ​មេឃ និង​បង្កឱ្យមាន​ការ​ភ័យ​ស្លន់ស្លោរ​រួមជាមួយ​នឹង​បង្ក​ឲ្យ​មានការ​បំផ្លាញ​ជាច្រើន។

កងកម្លាំង​សន្តិសុខ​បាន​ឡោមព័ទ្ធ​តំបន់​នោះ​សម្រាប់​វិធានការ​ការពារ​ជាមុន។ ពុំទាន់​មាន​ក្រុម​ណាមួយ​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​នៅឡើយ​ទេ។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here