អាជ្ញាធរនិយាយនៅថ្ងៃអាទិត្យ ទី១៨ ខែតុលាថា ការវាយប្រហារកំណត់គោលដៅនៅទីតាំងផ្សេងៗគ្នាសម្លាប់មនុស្សចំនួន០៣នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានដោយសារតែមានការប្រយុទ្ធ និងការប៉ះទង្គិចគ្នាបានកើតឡើង។
ប៉ូលិសនៅក្នុងតំបន់បញ្ជាក់ឲ្យដឹងថា នៅភាគខាងជើងខេត្ត Takhar លោក Saifurrahman នាយកសាលាក្នុងស្រុកមួយ និងលោក Mohammad Karim ដែលមានងារជា imam ឬមេដឹកនាំអធិស្ឋានវិហារមួយស្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារក្រោយពីខ្មាន់កាំភ្លើងបានលួចចូលផ្ទះរបស់ពួកគេនៅក្នុងភូមិ Shamar នៅជាយខេត្ត Taluqan នៅយប់ថ្ងៃសៅរ៍។
កងកម្លាំងពិសេស Corps 201 មានមូលដ្ឋានតំបន់ Selab បញ្ជាក់នៅព្រឹកថ្ងៃអាទិត្យថា នៅថ្ងៃសៅរ៍ ទី១៧ ខែតុលា នៅភាគខាងជើងនៃខេត្ត Nangarhar លោក Ali Ahmad អ្នកប្រាជ្ញខាងសាសនា និងគ្រូបង្រៀនសាលាសាសនាក្នុងតំបន់ត្រូវស្លាប់ ក្រោយពីមានការបំផ្ទុះគ្រាប់បែកមួយនៅស្រុក Surkh Rod នៅយប់ថ្ងៃសៅរ៍។
អ្នកនាំពាក្យប៉ូលិសខេត្ត លោក Abdul Khalil Asir ប្រាប់ភ្នាក់ងារសារព័ត៌មានថា ប៉ូលិសនៅក្នុងតំបន់បើកការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ហើយប៉ូលិសក៏បានចាប់ផ្តើមកំណត់អត្តសញ្ញាណ និងស្វែងរកចាប់ខ្លួនជនល្មើស។
ជាញឹកញាប់ សមាជិកក្រុមសកម្មប្រយុទ្ធតាលីបង់ និងរដ្ឋអ៊ីស្លាម (IS)ធ្វើការវាយប្រហារកំណត់គោលដៅលើស៊ីវិល និងបព្វជិតសាសនាក៏ដូចជាមេដឹកនាំក្នុងតំបន់ដោយសារតែបព្វជិតទាំងនោះផ្តល់ការគាំទ្ររបស់ពួកគេចំពោះរដ្ឋាភិបាល និងកងកម្លាំងដឹកនាំដោយណាតូ និងសហរដ្ឋអាមេរិកដែលឈរជើងនៅក្នុងប្រទេសនោះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០