សមាជិក​តា​លី​បង់​វាយប្រហារ​លើផ្លូវ​ហាយវ៉េ​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថានបណ្តាល​ឲ្យ​សមាជិក​ចំនួន០៧នាក់​របស់​ពួកគេ​បាត់បង់​ជីវិត

0

កងទ័ព​ចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ច័ន្ទ ទី១៩ នេះ​ថា ការវាយប្រហារ​របស់​សមាជិក​តា​លី​បង់​ដើម្បី​គ្រប់គ្រង​ផ្លូវធំ​នៅក្នុង​ខេត្ត Baghlan ភាគ​ខាងជើង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រូវ​កងកម្លាំង​សន្តិសុខ​បង្ក្រាប ហើយ​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​នៅ​សេសសល់​បាន​រត់គេចខ្លួន ក្រោយពី​សមាជិក​របស់​ពួកគេ​ចំនួន០៧នាក់​ស្លាប់។

យោងតាម​សេចក្តីថ្លែងការណ៍​បានឱ្យដឹងថា សមាជិក​ក្រុម​សកម្មប្រយុទ្ធ​ប្រដាប់អាវុធ​បាន​បើក​ការវាយលុក​យ៉ាងខ្លាំង​លើ​ផ្លូវធំ​ក្នុង​តំបន់ Kilagai នៅ​យប់​ថ្ងៃអាទិត្យ ប៉ុន្តែ​ចលនា​របស់​ពួកគេ​ត្រូវ​សមត្ថកិច្ច​បំផ្លាញ ក្រោយពី​សមាជិក​របស់​ពួកគេ​ចំនួន០៧នាក់​ស្លាប់ និង​ចំនួន០៨នាក់​ផ្សេងទៀត​រងរបួស។ សេចក្តីថ្លែងការណ៍​ពុំបាន​លើកឡើង​អំពី​គ្រោះថ្នាក់​ដែល​អាច​កើតមាន​លើ​កងកម្លាំង​សន្តិសុខ ហើយ​បន្ថែមថា កងកម្លាំង​បាន​បន្ត​ដេញតាម​ក្រុម​សកម្មប្រយុទ្ធ។

ផ្លូវ​ល្បឿន​លឿន​ដែល​ត​ភ្ជាប់​ពី​រដ្ឋធានី​កា​ប៊ុល​ទៅនឹង​ខេត្ត​ភាគ​ខាងជើង​ចំនួន៨ឆ្លងកាត់​តំបន់ Kilagai ក្នុង​ខេត្ត Baghlan ហើយ​ប្រសិនបើ​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់អាច​គ្រប់គ្រង តំបន់ Kilagai ពួកគេ​អាច​បិទផ្លូវ​ហាយ​វេ​បាន​យ៉ាង​ងាយ​ដើម្បី​រំខាន​ចរាចរណ៍​រវាង​ទីក្រុងកា​ប៊ុល​និង​ខេត្ត​នៅ​ភាគ​ខាងជើង។

ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​នៅឡើយ​ទេ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here