នៅថ្ងៃអង្គារ ទី២០ ខែតុលា មន្ត្រីយោធានិយាយថា យ៉ាងហោចណាស់សមាជិកក្រុមជ្រុលនិយម al-Shabab ចំនួន ១៨នាក់ត្រូវទាហានសម្លាប់នៅថ្ងៃចន្ទ ទី១៩ ខែតុលា នៅក្នុងប្រតិបត្តិការសន្តិសុខមួយរបស់កងទ័ពជាតិសូម៉ាលី (SNA) នៅជាយក្រុង Barire នៅក្នុងតំបន់ភាគខាងត្បូងនៃតំបន់ Lower Shabelle។
លោក Ahmed Hassan Ziyad មេបញ្ជាការអង្គភាពទី១៤៣ របស់ SNA ប្រាប់អ្នកសារព័ត៌មានថា កងកម្លាំងទ័ពធ្វើប្រតិបត្តិការនៅក្នុងភូមិ Nun Garay ក្រោយពីមានការស៊ើបការណ៍អំពីវត្តមានរបស់សមាជិកសកម្មប្រយុទ្ធនៅក្នុងតំបន់នោះ។
លោក Ziyad និយាយថា៖ “សាមាជិកសកម្មប្រយុទ្ធរងគ្រោះថ្នាក់នៅក្នុងការប្រឈមមុខដាក់គ្នាយ៉ាងស្វិតស្វាញជាមួយកងកម្លាំងរបស់យើង។ យើងបានសម្លាប់សមាជិករបស់ពួកគេចំនួន១៨នាក់” ។
លោកបន្ថែមទៀតថា អ្នកដែលស្លាប់នៅក្នុងការប្រយុទ្ធគ្នាយ៉ាងសាហាវរួមមានលោក Sidow Nurre Abu Muhsin ជាមេបញ្ជាការប្រតិបត្តិការរបស់សមាជិកសកម្មប្រយុទ្ធនៅក្នុងតំបន់ Lower Shabelle។
គួររំលឹកផងដែរថា នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ កងកម្លាំងរដ្ឋាភិបាលបានបង្កើនប្រតិបត្តិការប្រឆាំងនឹងសមាជិកក្រុមជ្រុលនិយម al-Shabab នៅតំបន់ភាគកណ្តាល និងភាគខាងត្បូង ដោយសមាជិកក្រុមសកម្មប្រយុទ្ធកំពុងលាក់ខ្លួននៅតាមតំបន់ជនបទធ្វើការវាយឆ្មក់ និងដាំគ្រាប់មីនជាច្រើន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០