នៅយប់ថ្ងៃអង្គារ ទី២០ ខែតុលា មានហេតុការណ៍បាញ់ប្រហារមួយបានកើតឡើងនៅក្លឹបកម្សាន្តរាត្រីក្នុងទីក្រុង Houston នៅសហរដ្ឋអាមេរិក បណ្តាលឲ្យមនុស្សចំនួន០៣នាក់ស្លាប់ និងចំនួន០១នាក់ផ្សេងទៀតរងរបួស។
ប្រភពព័ត៌មានពីប៉ូលិសប្រាប់ឲ្យដឹងថាការបាញ់ប្រហារកើតឡើងនៅម៉ោងប្រហែលម៉ោង៩និង៤៥នាទីនៅយប់ថ្ងៃអង្គារ ទី២១ ខែតុលានៅក្នុងក្លឹបរាកម្សាន្តត្រីមួយកន្លែងនៅ
កណ្តាលទីក្រុងហ៊ូស្តុន។ ក្លឹបកម្សាន្តនោះមានភ្ញៀវមកកម្សាន្តជាច្រើននៅពេលការបាញ់ប្រហារចាប់ផ្តើមកើតឡើង។ ភ្ញៀវខ្លះប្រាប់ប៉ូលិសថា ពួកគេលឺសូរស្នូរកាំភ្លើងចំនួនពី ៨ ទៅ ១០ គ្រាប់។
ប៉ូលិសនិយាយថា នៅពេលដែលមន្រ្តីប៉ូលិសទៅដល់កន្លែងកើតហេតុ ពួកគេឃើញមនុស្សចំនួនបួននាក់រងគ្រោះ។ បុរសចំនួន០៣នាក់ស្លាប់នៅកន្លែងកើតហេតុ និងបុរសទី៤ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ប៉ូលិសបន្ថែមថា មនុស្សដែលស្លាប់ទាំង០៣នាក់គឺជាអ្នកចម្រៀង Rappers ក្នុងស្រុកមានអាយុ ២០ឆ្នាំ ដោយពួកគេទៅធ្វើការនៅក្នុងក្លឹបនោះរៀងរាល់សប្តាហ៍។
ប៉ូលិសជឿជាក់ថា យ៉ាងហោចណាស់មានអ្នកបាញ់ប្រហារចំនួន០២នាក់បានរត់គេចខ្លួនពីទីតាំងកើតហេតុ។ រហូតមកដល់ពេលនេះ សមត្ថកិច្ចពុំទាន់អាចចាប់ខ្លួនបានជនដៃដល់នោះទេ ហើយមូលហេតុនៃការបាញ់នេះនៅមិនទាន់ច្បាស់នៅឡើយ និងកំពុងស្ថិតក្រោមការស៊ើបអង្កេត៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០