សមាជិកសកម្មប្រយុទ្ធ IS ចំនួន ០២នាក់ និងជនស៊ីវិលចំនួន០៣នាក់ស្លាប់ក្នុងការវាយប្រហារផ្សេងគ្នាក្នុងប្រទេសអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពីមន្ត្រីសន្តិសុខបានឲ្យដឹងថា នៅល្ងាចថ្ងៃពុធ ទី២១ ខែតុលា មានហេតុការណ៍វាយប្រហារផ្សេងគ្នាបានកើតឡើងក្នុងខេត្ត Diyala នៅភាគខាងកើតប្រទេសអ៊ីរ៉ាក់បណ្តាលឲ្យសមាជិកឧទ្ទាម IS ចំនួន០២នាក់ និងជនស៊ីវិលចំនួន០៣នាក់ស្លាប់។

លោកអភិបាលក្រុង Shakir al-Tamimi ប្រាប់ភ្នាក់ងារសារព័ត៌មានថា កងកម្លាំងសន្តិសុខបានស្ទាក់វាយឆ្មក់សម្លាប់សមាជិកសកម្មប្រយុទ្ធ IS ចំនួនពីរនាក់នៅខាងក្នុងចម្ការមួយ ដែលមានទីតាំងស្ថិតនៅជិតទីក្រុង Abbara ភាគឥសាននៃខេត្ត Baquba ដោយនៅទីនោះមានចម្ងាយប្រហែល៦៥គីឡូម៉ែត្រពីភាគឥសាននៃទីក្រុងបាកដាដ។ លោកបន្ថែមថា ការវាយឆ្មក់ធ្វើឡើងដោយផ្អែកលើរបាយការណ៍ស៊ើបការណ៍ និងកិច្ចសហប្រតិបត្តិការជាមួយអ្នកភូមិ។ កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ និងបើកការស៊ើបអង្កេតមួយដើម្បីកំណត់អត្តសញ្ញាណអ្នកវាយប្រហារដែលបានភៀសខ្លួនទៅកាន់ចម្ការក្បែរនោះ។

ក្រៅពីនេះ មានការបាញ់ប្រហារមួយផ្សេងទៀតបានកើតឡើងទៅលើរថយន្តស៊ីវិលដឹកអ្នកដំណើរនៅក្នុងតំបន់ Halwan ដែលមានចម្ងាយប្រហែល ១៦៥គីឡូម៉ែត្រនៅភាគឥសាននៃទីក្រុងបាកដាដ បណ្តាលឲ្យជនស៊ីវិលចំនួន០៣នាក់ស្លាប់ ដោយគេជឿថា សមាជិកក្រុមសកម្មប្រយុទ្ធ IS ជាអ្នកធ្វើការវាយប្រហារ។

យ៉ាងណាមិញ ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ក្រោយពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់សមាជិកក្រុមសកម្មប្រយុទ្ធ IS ជ្រុលនិយមនៅទូទាំងប្រទេសនៅចុងឆ្នាំ២០១៧៕ 

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here