អ្នកឃ្លាំមើលសង្រ្គាមរាយការណ៍ថា ការវាយប្រហារពីយន្តហោះគ្មានមនុស្សបើកកំណត់គោលដៅលើការប្រជុំរបស់មេបញ្ជាការឧទ្ទាមនៅក្នុងខេត្តអ៊ីដលីបភាគពាយ័ព្យនៃប្រទេសស៊ីរីនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ដោយបានសម្លាប់សមាជិកឧទ្ទាមចំនួន១៥នាក់ហើយក្នុងនោះមានរួមទាំងជនស៊ីវិលផងដែរ។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីនិយាយថា គេជឿថា ការវាយប្រហារនោះធ្វើឡើងដោយក្រុមចម្រុះប្រឆាំងភេរវកម្មដឹកនាំដោយសហរដ្ឋអាមេរិក។
ការវាយប្រហារបានកំណត់គោលដៅទៅលើមេបញ្ជាការរបស់ក្រុមសកម្មប្រយុទ្ធHayat Tahrir al-Sham (HTS) ដែលជាក្រុមឆ័ត្ររបស់រណសិរ្ស Nusra មានទំនាក់ទំនងជាមួយក្រុមអាល់កៃដា ខណៈពេលដែលពួកគេកំពុងទទួលទានអាហារពេលល្ងាចនៅក្នុងភូមិ Jakara នៅក្នុងខេត្ត Idlib ក្បែរព្រំដែនរវាងប្រទេសស៊ីរី និងប្រទេសតួកគី។
គួររំលឹកផងដែរថា នៅថ្ងៃទី ១៥ ខែតុលា មានការវាយប្រហារពីយន្តហោះគ្មានមនុស្សបើកស្រដៀងគ្នាកំណត់គោលដៅទៅលើរថយន្តមួយគ្រឿងនៅភាគខាងលិចខេត្តដោយបានសម្លាប់សមាជិកក្រុមឧទ្ទាមចំនួន០២នាក់ និងកុមារចំនួនម្នាក់។
ខេត្តអ៊ីដលីបក្លាយជាបន្ទាយឧទ្ទាមដ៏សំខាន់ចុងក្រោយបង្អស់របស់ក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសស៊ីរីដោយក្រុមសកម្មប្រយុទ្ធ HTS មានសកម្មភាពច្រើនជាងគេបង្អស់ក្នុងចំណោមក្រុមឧទ្ទាម៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០