ប្រភពព័ត៌មានផ្លូវការនិយាយនៅថ្ងៃចន្ទថា នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា យ៉ាងហោចណាស់សកម្មប្រយុទ្ធ al-Shabab ចំនួន០៤នាក់ត្រូវកម្លាំងរដ្ឋាភិបាលសម្លាប់ក្នុងទីក្រុង Qansah Dhere នៅភាគខាងត្បូងតំបន់ Bay ។
លោក Abdi Risak Abdullahi Ibrahim អភិបាលខេត្ត Qansah Dhere និយាយថា ក្រុមសកម្មប្រយុទ្ធបានស្ទាក់វាយប្រហារលើក្បួនរថយន្តដឹកកងកម្លាំងរដ្ឋាភិបាលដែលកំពុងធ្វើដំណើរចេញពីមូលដ្ឋានយោធានៅក្នុងទីក្រុងដោយបង្កការប៉ះទង្គិចគ្នាយ៉ាងខ្លាំង។ លោកមានប្រសាសន៍ថា៖
“យើងសម្លាប់សកម្មប្រយុទ្ធជន al-Shabab ចំនួន ០៤នាក់ពេលប្រឈមមុខដាក់គ្នា។ យើងបាត់បង់ទាហានម្នាក់ខណៈដែលទាហានចំនួនពីរនាក់ផ្សេងទៀតរងរបួស” ។
ក្រុមភេរវករ Al-Qaida មានសម្ព័ន្ធជាមួយក្រុម al-Shabab ត្រូវកងកម្លាំងបណ្តេញចេញពីរដ្ឋធានី Mogadishu នៅខែសីហា ឆ្នាំ២០១១ ប៉ុន្តែភេរវករទាំងនោះនៅតែបន្តធ្វើការគ្រប់គ្រងនៅតំបន់តាំងលំនៅតាមតំបន់ជនបទនៃតំបន់ភាគខាងត្បូង និងភាគកណ្តាលហើយមានសមត្ថភាពធ្វើការស្ទាក់ដើម្បីធ្វើការវាយប្រហារនិងដាំគ្រាប់មីន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០