លោក Simon Sirro មេប៉ូលិសប្រទេសតង់ហ្សានីនិយាយនៅថ្ងៃអង្គារនេះថា មនុស្សចំនួន៤២នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយពីពួកគេវាយប្រហារលើមន្ត្រីប៉ូលិសដែលកំពុងចែកចាយសន្លឹកឆ្នោតនៅតំបន់ Pemba របស់កោះ Zanzibar ។
លោក Sirro អគ្គស្នងការប៉ូលិសប្រាប់សន្និសីទកាសែតមួយថា នៅយប់ថ្ងៃចន្ទមានមនុស្សជាច្រើននៅលើកោះបានគប់ដុំថ្មទៅលើរថយន្តដឹកជញ្ជូនប្រអប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតសកលខាងមុខនេះ។
ប្រមុខប៉ូលិសនិយាយថា ពុំមានសេចក្តីរាយការណ៍ពីការស្លាប់នៅក្នុងការប្រយុទ្ធគ្នានោះទេ ប៉ុន្តែអង្គភាពសារព័ត៌មានបរទេសមួយចំនួនបានដកស្រង់សម្តីរបស់ក្រុមប្រឆាំងACT-Wazalendo និងបានចោទប្រកាន់ប៉ូលិសថា ប៉ូលិសបានបាញ់សម្លាប់មនុស្សយ៉ាងតិចចំនួន០៧ នាក់។ លោក Sirro បន្ថែមថា ស្ថានភាពនៅលើប្រទេសដីគោកតង់ហ្សានីនៅតែស្ងប់ស្ងាត់ខណៈប្រជាជនកំពុងរៀបចំការបោះឆ្នោតនៅថ្ងៃពុធនេះ។