ប៉ូលិសនិងសាក្សីនិយាយនៅថ្ងៃអង្គារថា យ៉ាងហោចណាស់មានមនុស្សចំនួន០៦នាក់ស្លាប់ និងមនុស្សចំនួនជាច្រើននាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាត ដែលវាយប្រហារលើភោជនីយដ្ឋានមួយនៅក្បែរសាលាប៉ូលិសនៅស្រុក Hamr Jajab ក្នុងទីក្រុង Mogadishu។
មន្ត្រីប៉ូលិសម្នាក់ដែលសុំមិនបញ្ចេញឈ្មោះប្រាប់ភ្នាក់ងារសារព័ត៌មានថា៖ “អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះខ្លួនឯងនៅភោជនីយដ្ឋានមួយក្បែរកន្លែងប៉ូលិស។”
អ្នកនាំពាក្យរដ្ឋាភិបាលលោក Ismael Mukhtar Omar បញ្ជាក់ពីហេតុការណ៍ផ្ទុះនេះដោយអះអាងថា អ្នកវាយប្រហារបានកំណត់គោលដៅទៅលើមន្ត្រីសន្តិសុខក្នុងភោជនីយដ្ឋាន។
លោក Omar ប្រាប់ភ្នាក់ងារសារព័ត៌មានតាមទូរស័ព្ទថា៖ “មានការផ្ទុះគ្រាប់បែកអត្តឃាតមួយនៅក្បែរសាលាបណ្តុះបណ្តាលប៉ូលិសប៉ុន្តែខ្ញុំពុំមានព័ត៌មានពេញលេញទាក់ទងនឹងឧប្បត្តិហេតុនេះទេ” ។
សាក្សីនិយាយថា ពួកគេបានលឺសំឡេងផ្ទុះយ៉ាងខ្លាំងនៅសាលាប៉ូលិសហើយរថយន្ត
សង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់សំដៅទៅកន្លែងកើតហេតុ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០