កងជីវពលដែលគាំទ្ររដ្ឋាភិបាល ១១ នាក់ត្រូវតាលីបង់សម្លាប់នៅក្នុងការវាយឆ្មក់នៅប្រទេសអាហ្វហ្គានីស្ថាន

0

កងជីវពលនៅក្នុងស្រុកដែលគាំទ្ររដ្ឋាភិបាលចំនួន១១នាក់ត្រូវគេសម្លាប់និងចំនួន១៥នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយឆ្មក់របស់ក្រុមតាលីបង់នៅក្នុងខេត្ត Badakhshan ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃចន្ទដើមសប្តាហ៍នេះ។

សមាជិកក្រុមសកម្មប្រយុទ្ធតាលីបង់មួយក្រុមប្រដាប់ដោយកាំភ្លើង និងគ្រាប់រ៉ុក្កែតបានធ្វើការវាយប្រហារលើទីតាំងត្រួតពិនិត្យសន្តិសុខមួយដែលមានឈ្មោះថា Pul-e-Kebali នៅក្នុងស្រុក Jurm នៅពាក់កណ្តាលយប់ថ្ងៃចន្ទ។ លោក Nazari Naji មកពីក្រុមប្រឹក្សាខេត្តបានប្រាប់ភ្នាក់ងារសារព័ត៌មានដូច្នោះ។

លោកមានប្រសាសន៍ថា សកម្មប្រយុទ្ធតាលីបង់ចំនួន០៨នាក់ត្រូវគេសម្លាប់ និងចំនួន០៧ នាក់រងរបួសនៅក្នុងពេលប៉ះទង្គិចគ្នានៅក្នុងតំបន់ភ្នំ។ សមាជិកក្រុមសកម្មប្រយុទ្ធបានដុតនិងបំផ្លាញយានយន្តចំនួនពីរគ្រឿងដែលចតនៅខាងក្រៅទីតាំងត្រួតពិនិត្យ។

សកម្មជនក្នុងមូលដ្ឋានដែលកំពុងទទួលបានការគាំទ្រពីភ្នាក់ងារសន្តិសុខអាហ្វហ្គានីស្ថានការពារសន្តិសុខសុវត្ថិភាព ការពារភូមិ និងស្រុកដាច់ស្រយាលនៅទូទាំងប្រទេស ដោយវត្តមានរបស់កម្លាំងទ័ព និងប៉ូលិសនៅមានកម្រិត។

សមាជិកក្រុមសកម្មប្រយុទ្ធតាលីបង់ដែលគ្រប់គ្រងតំបន់មួយចំនួននៅក្នុងខេត្តបាននឹងកំពុងប្រើប្រាស់តំបន់ទំនាប និងតំបន់ភ្នំជាកន្លែងលាក់ខ្លួន ហើយជាញឹកញាប់ពួកគេបានបើកការវាយប្រហារ និងប្រឆាំងជាមួយកងកម្លាំងសន្តិសុខ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃ១៧ ខែ១១ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here