ទាហានប៉ាគីស្ថានចំនួន០២នាក់ត្រូវគេសម្លាប់នៅក្នុងហេតុការណ៍វាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថាន

0

កងទ័ពប៉ាគីស្ថាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទាហានប៉ាគីស្ថានចំនួនពីរនាក់ត្រូវគេសម្លាប់ និងចំនួន០១នាក់ផ្សេងទៀតរងរបួសនៅក្នុងការប្រយុទ្ធតបតជាមួយសមាជិកក្រុមភេរវករដែលវាយប្រហារលើប៉ុស្តិ៍ត្រួតពិនិត្យរបស់កងកម្លាំងសន្តិសុខនៅក្នុងសង្កាត់កុលសម្ព័ន្ធនៅភាគពាយ័ព្យរបស់ប្រទេសនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់កងទ័ពនិយាយថា សមាជិកភេរវករបានបើកការបាញ់ប្រហារទៅលើប៉ុស្តិ៍ត្រួតពិនិត្យរបស់កងកម្លាំងសន្តិសុខនៅជិតតំបន់ Pash Ziarat នៅភាគខាងត្បូងនៃតំបន់ Waziristan នៅយប់ថ្ងៃពុធ។

មន្រ្តីទំនាក់ទំនងសាធារណៈនិយាយថា កងកម្លាំងសន្តិសុខបានធ្វើការឆ្លើយតបភ្លាមៗ និងបាញ់តបតជាមួយក្រុមសកម្មប្រយុទ្ធបណ្តាលឱ្យទាហានចំនួន០២ នាក់ស្លាប់ និងចំនួន០១នាក់ផ្សេងទៀតរងរបួស។ សេចក្តីថ្លែងការណ៍បន្ថែមថា៖ មានប្រតិបត្តិការកំពុងដំណើរការដើម្បីបោសសម្អាតតំបន់នោះ

សេចក្តីថ្លែងការណ៍ដែលផ្ញើទៅប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបញ្ជាក់ថាក្រុម Tehrik-e-Taliban Pakistan (TTP)  អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះ។

យោធាប៉ាគីស្ថានបានធ្វើប្រតិបត្តិការជាបន្តបន្ទាប់ប្រឆាំងនឹងសមាជិកក្រុមភេរវកររួមទាំងក្រុម TTP នៅក្នុងតំបន់កុលសម្ព័ន្ធនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ បើទោះបីតំបន់នោះភាគច្រើនមានការរៀបចំឱ្យមានភាពស្ងប់ស្ងាត់ក៏ដោយ សមាជិកក្រុមភេរវករសេសសល់នៅតែបន្តធ្វើសកម្មភាពដើម្បីបើកការវាយប្រហារទៅលើកងកម្លាំងសន្តិសុខ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here