មន្ត្រីម្នាក់និយាយនៅថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់សមាជិកក្រុមចោរចំនួន៤៣នាក់ត្រូវយោធានីហ្សេរីយ៉ាសម្លាប់នៅក្នុងប្រតិបត្តិការជាច្រើនដែលធ្វើឡើងនៅរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅ។
លោក John Enenche អ្នកនាំពាក្យយោធានីហ្សេរីយ៉ាមានប្រសាសន៍ថា ប្រតិបត្តិការនេះធ្វើឡើងដោយកងកម្លាំងទ័ពនៅតំបន់ភាគកណ្តាល និងពាយ័ព្យនៃប្រទេសនៅចន្លោះថ្ងៃទី ២៦ ខែវិច្ឆិកា និងថ្ងៃទី២ ខែធ្នូ។
លោក Enenche ប្រាប់អ្នកយកព័ត៌មាននៅតំបន់ Abuja ថា មនុស្សចំនួន ១០នាក់ផ្សេងទៀតរួមទាំងសហការីត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងកំឡុងពេលធ្វើប្រតិបត្តិការជាច្រើនដែលមានគោលបំណងដើម្បីដេញក្រុមចោរប្លន់ចេញពីកន្លែងលាក់ខ្លួនរបស់ពួកគេ។
ការប្លន់ ការចាប់ជំរិត និងសកម្មភាពឧក្រិដ្ឋផ្សេងទៀតបានរីករាលដាលក្នុងតំបន់ទាំងពីរ។ នៅតំបន់ភាគពាយព្យមានអំពើហឹង្សាជាច្រើនផ្ទុះឡើងជាច្រើនឆ្នាំដែលធ្វើឡើងដោយសមាជិកក្រុមប្រដាប់អាវុធ។ មន្ត្រីនោះនិយាយថា ជំរុំមួយចំនួនដែលជាកម្មសិទ្ធិរបស់កម្លាំងប្រដាប់អាវុធត្រូវបានបំផ្លាញនៅក្នុងការវាយឆ្មក់តាមអាកាសក្នុងប្រតិបត្តិការនេះ។
នៅតំបន់ភាគខាងជើងភាគកណ្តាលមានសមាជិកចោរប្លន់ចំនួន០៦នាក់ត្រូវកងកម្លាំងទ័ពបង្ក្រាបនៅក្នុងហេតុការណ៍ផ្សេងៗគ្នាស្របបពេលមានប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងចោរនៅក្នុងស្រុក Dutse Magaji ក្នុងតំបន់ Mariga នៃប្រទេសនីហ្សេរីយ៉ា។
មន្ត្រីរូបនោះបន្ថែមទៀតថា ប្រតិបត្តិការផ្សេងៗគ្នាអនុវត្តដោយយោងទៅតាមបេសកកម្មស៊ើបការណ៍សម្ងាត់ និងការឃ្លាំមើលពីលើអាកាសរបស់កងកម្លាំងរដ្ឋាភិបាល៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០