ក្រុមសិទ្ធិមនុស្សបាននិយាយកាលពីថ្ងៃអង្គារនេះថាអ្នកវិទ្យាសាស្ត្រស៊ុយអែត – អ៊ីរ៉ង់លោក Ahmadreza Djalali ដែលត្រូវបានកាត់ទោសនៅក្នុងប្រទេសអ៊ីរ៉ង់ពីបទចារកម្មអាចប្រឈមនឹង ទោសប្រហារជីវិត។
នៅថ្ងៃទី១ ខែធ្នូនេះចៅក្រមបាននិយាយថាលោក Ahmadreza នឹងត្រូវផ្ទេរទៅកាន់ពន្ធនាគារ Rajai Shahr នៅថ្ងៃនេះដើម្បីបន្តនីតិវិធីកាត់ទោសប្រហារជីវិត នេះបើយោងតាមការលើកឡើងរបស់អង្គការលើកលែងទោសអន្តរជាតិដែលបានសរសេរនៅលើបណ្តាញសង្គម Twitter។
មេធាវីរបស់លោកត្រូវបានគេជូនដំណឹងថាលោក Ahmadreza នឹងត្រូវផ្ទេរទៅកាន់ពន្ធនាគារ Rajai Shahr នៅថ្ងៃនេះគឺថ្ងៃអង្គារទី១ ខែធ្នូ។
រដ្ឋមន្ត្រីការបរទេសស៊ុយអែតបាននិយាយកាលពីសប្តាហ៍មុនថានាងបាននិយាយជាមួយសមភាគីអ៊ីរ៉ង់របស់នាងបន្ទាប់ពីមានសេចក្តីរាយការណ៍ថាអ៊ីរ៉ង់អាចនឹងអនុវត្តទោសប្រហារជីវិតលើលោក Djalali ក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថាលោក Djalali ជាវេជ្ជបណ្ឌិត និងជាសាស្ត្រាចារ្យនៅឯវិទ្យាស្ថាន Karolinska ក្នុងរដ្ឋធានី Stockholm ប្រទេសស៊ុយអែតត្រូវបានចាប់ខ្លួននៅអ៊ីរ៉ង់ក្នុងឆ្នាំ២០១៦ ហើយក្រោយមកត្រូវបានកាត់ទោសពីបទចារកម្មដោយត្រូវបានចោទប្រកាន់ពីបទផ្តល់ព័ត៌មានដល់អ៊ីស្រាអែលដើម្បីជួយធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាន់ខ្ពស់ជាច្រើនរូប។ តុលាការកំពូលអ៊ីរ៉ង់នៅឆ្នាំ ២០១៧ បានតម្កល់ទោសប្រហារជីវិត។
ក្រុមសកម្មជនសិទ្ធិមនុស្សបានចោទប្រកាន់អ៊ីរ៉ង់ថាបានចាប់ខ្លួនជនជាតិពីរដើម្បីទទួលបានការបន្ធូរបន្ថយពីប្រទេសដទៃ ប៉ុន្តែក្រុងតេអេរ៉ង់ក៏បានច្រានចោលការចោទប្រកាន់នេះ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០