សមាជិក​ក្រុម​សកម្មប្រយុទ្ធ IS ចំនួន០៦នាក់​ត្រូវ​កងកម្លាំង​សម្លាប់​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់

0

កម្លាំង CTS និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា កងកម្លាំង​កុម្ម៉ង់ដូ​របស់​សេវាកម្ម​ប្រឆាំង​ភេរវកម្ម​អ៊ីរ៉ាក់ (CTS) បានធ្វើ​ប្រតិបត្តិការ​ប្រឆាំងនឹង​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​របស់​រដ្ឋ​អ៊ីស្លាម​ជ្រុលនិយម (IS) នៅ​ភាគខាងត្បូង​នៃ​ខេត្ត Nineveh បណ្តាល​ឲ្យ​សមាជិក​ក្រុម​សកម្មប្រយុទ្ធ IS ចំនួន០៦នាក់​ស្លាប់។

សេវាកម្ម CTS និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា កងកម្លាំង​កុម្ម៉ង់ដូ CTS គាំទ្រ​ដោយ​យន្តហោះ​ចម្រុះ​អន្តរជាតិ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ធ្វើការ​វាយប្រហារ​លើ​រូងភ្នំ​ដែល​ប្រើប្រាស់​ដោយ​សមាជិក​ក្រុម​សកម្មប្រយុទ្ធ IS នៅ​ភ្នំ Makhmour នៅ​ភាគខាងត្បូង​នៃ​ទីក្រុង Mosul ខេត្ត Nineveh ចម្ងាយ​ប្រហែល៤០០គីឡូម៉ែត្រ​ខាងជើង​ទីក្រុង Baghdad ។

ប្រភពព័ត៌មាន​បន្ថែម​ថា កងកម្លាំង​ទ័ព​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​ជ្រុលនិយម​នៅក្នុង​រូងភ្នំ​អំកំ​ឡុង​ពេលធ្វើ​ប្រតិបត្តិការ​និង​បានសម្លាប់​សមាជិក​សក​ម្ម​ប្រយុទ្ធ IS ចំនួន០៣នាក់ ខណៈដែល​សមាជិក​ផ្សេងទៀត​ស្លាប់​នៅក្នុង​ការវាយប្រហារ​តាម​អាកាស​របស់​កងកម្លាំង​ចម្រុះ​នៅពេល​ពួកគេ​ព្យាយាម​រត់គេច​ពី​ទីតាំង​កើតហេតុ។ ប្រភព​មួយ​ផ្សេងទៀត​បន្ថែមទៀតថា សមាជិក​កងកម្លាំង​មួយ​នៅក្នុង​ចំណោម​កងកម្លាំង CTS បាន​រងរបួស​អំឡុង​ពេលធ្វើ​ប្រតិបត្តិការ។

តំបន់ភ្នំ និង​តំបន់​ជនបទ​ដ៏​ធំ​ល្វឹងល្វើយ​នៅ​ភាគ​ខាងជើង​រដ្ឋធានី​បា​កដាដ​របស់​ប្រទេសអ៊ីរ៉ាក់​រង​ការវាយប្រហារ​ពី​សមាជិក​ក្រុម​សកម្មប្រយុទ្ធ IS យ៉ាងខ្លាំង​ក្លា​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ បើទោះបី​ជាមាន​ប្រតិបត្តិការ​យោធា​ម្តង​ហើយ​ម្តងទៀត​ដើម្បី​តាម​ប្រមាញ់​ពួកគេ​ក៏ដោយ។

ស្ថានភាព​សន្តិសុខ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​មាន​ភាពប្រសើរឡើង​ចាប់តាំងពី​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​បាន​កម្ចាត់​សមាជិក​ក្រុម​សកម្មប្រយុទ្ធ IS នៅ​ទូទាំងប្រទេស​ចុងឆ្នាំ២០១៧ ។

ទោះជា​យ៉ាងណាក៏ដោយ សមាជិក​ISនៅតែ​បង្កប់ខ្លួន​ក្នុង​តំបន់​ទីប្រជុំជន ឬ​តំបន់​វាល​ខ្សាច់​និង​ធ្វើការ​វាយឆ្មក់​ជា​ញឹកញាប់​ប្រឆាំងនឹង​កងកម្លាំង​សន្តិសុខ និង​ជន​ស៊ីវិល។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here