អ្នកនាំពាក្យកងទ័ពនិយាយនៅថ្ងៃអាទិត្យថា សមាជិកក្រុមសកម្មប្រយុទ្ធបូកូហារ៉ាមចំនួន០៥នាក់ត្រូវកងកម្លាំងទ័ពសម្លាប់ និងបណ្តាលឲ្យសមាជិកសកម្មប្រយុទ្ធផ្សេងទៀតរងរបួសដោយសារតែកងកម្លាំងទ័ពបានធ្វើការវាយឆ្មក់លើទីតាំងលាក់ខ្លួនរបស់ក្រុមភេរវកម្មនៅក្នុងរដ្ឋ Borno ភាគឥសាននៃប្រទេសនីហ្សេរីយ៉ា។
អ្នកនាំពាក្យកងទ័ពលោក Benard Onyeuko មានប្រសាសន៍ថា ការវាយឆ្មក់ធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ហើយកងកម្លាំងយោធាបានបន្តបោសសំអាតនៅជុំវិញតំបន់របស់សកម្មប្រយុទ្ធក្រុមបូកូហារ៉ាមនៅតំបន់ភាគឥសាន។ លោកបន្តថា ភេរវករទាំង០៥នាក់ត្រូវកងកម្លាំងសម្លាប់នៅក្នុងហេតុការណ៍វាយឆ្មក់ធ្វើឡើងនៅក្នុងភូមិ Garal និងភូមិ Bulankesa ក៏ដូចជានៅទីក្រុង Pulka ក្នុងរដ្ឋ Borno ។
លោកមានប្រសាសន៍ថា សមាជិកភេរវករជាច្រើននាក់ក៏បានភៀសខ្លួនចូលទៅក្នុងព្រៃក្បែរនោះក្នុងអំឡុងពេលមានការវាយឆ្មក់។ លោកបន្ថែមថា ប្រតិបត្តិការនោះមានគោលបំណងដើម្បីបណ្តេញសមាជិកសកម្មប្រយុទ្ធក្រុមបូកូហារ៉ាមដែលនៅសេសសល់ចេញពីទីតាំងលាក់ខ្លួនរបស់ពួកគេនៅក្នុងតំបន់ភាគឥសាន។
សមាជិកសកម្មប្រយុទ្ធបូកូហារ៉ាមបានព្យាយាមបង្កើតរដ្ឋអ៊ីស្លាមមួយនៅភាគឥសាននៃប្រទេសនីហ្សេរីយ៉ាចាប់តាំងពីឆ្នាំ២០០៩ ដោយបានពង្រីកការវាយប្រហារពួកគេទៅកាន់ប្រទេសនានានៅតំបន់ Lake Chad Basin៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០