ប្រភពយោធានិយាយនៅថ្ងៃអង្គារថា សមាជិកឧទ្ទាមចំនួន ២២នាក់ និងទាហានចំនួន ០៤នាក់ បានស្លាប់នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅក្នុងខេត្ត Marib ស្ថិតនៅភាគកណ្តាលប្រទេសយេម៉ែន ខណៈដែលកងកម្លាំងរដ្ឋាភិបាលប្រឆាំងនឹងការវាយលុករបស់ក្រុមឧទ្ទាម Houthi ។
ប្រភពដដែលប្រាប់ភ្នាក់ងារសារព័ត៌មានថា មានមនុស្សជាច្រើននាក់មកពីភាគីទាំងសងខាង បានរងរបួសផងដែរ នៅក្នុងស្រុក Madghal នៅភាគខាងជើងខេត្តដែលគ្រប់គ្រងដោយរដ្ឋាភិបាល។
ជាមួយគ្នានេះដែរ ទូរទស្សន៍ Houthi-al-Masirah TV រាយការណ៍ថា មានការវាយប្រហារតាមអាកាសចំនួន ១២លើកធ្វើឡើងដោយកងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅលើទីតាំងរបស់ក្រុមនេះ នៅក្នុងស្រុក Madghal នៅតាមតំបន់ក្បែរៗតំបន់ Sirwah នៅយប់ថ្ងៃចន្ទ។ ប្រភពមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
ពុំមានការអត្ថាធិប្បាយណាមួយធ្វើឡើងដោយកងកម្លាំងចម្រុះជុំវិញការវាយប្រហារតាមអាកាសនេះទេ។
សូមរំលឹកផងដែរថា ប្រទេសយេម៉ែនបានធ្លាក់ក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤ នៅពេលដែលកងជីវពល Houthi គាំទ្រដោយអ៊ីរ៉ង់បានដណ្តើមការកាន់កាប់នៅក្នុងខេត្តភាគខាងជើងជាច្រើន និងបានបង្ខំឱ្យរដ្ឋាភិបាលដែលមានការទទួលស្គាល់ពីអន្តរជាតិលោកប្រធានាធិបតីលោក Abd-Rabbu Mansour Hadi ចេញពីទីក្រុង Sanaa ។
សម្ព័ន្ធយោធាអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានធ្វើអន្តរាគមន៍ក្នុងជម្លោះប្រទេសយេម៉ែននៅក្នុងឆ្នាំ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាលហាឌី (Hadi) ។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០