កងកម្លាំងប្រដាប់អាវុធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារថា យ៉ាងហោចណាស់ មានសមាជិកក្រុមភេរវករចំនួន ៤០នាក់ ត្រូវកម្លាំងទ័ពសម្លាប់នៅក្នុងហេតុការណ៍បាញ់តបតជាមួយកម្លាំងទ័ពនៅក្នុងខេត្តស៊ីណៃ ភាគខាងជើងនៃប្រទេសអេហ្ស៊ីប។
កងកម្លាំងទ័ពអាកាសបានកម្ទេចទីតាំងលាក់ខ្លួនរបស់សមាជិកភេរវករចំនួន ៤៣៧កន្លែង ក្នុងទិសដៅយុទ្ធសាស្ត្រនៅភាគឥសាននៃប្រទេស ដោយបានសម្លាប់មនុស្សចំនួន ២៥នាក់ដែលពួកគេជាភេរវករដ៏គ្រោះថ្នាក់បំផុត។
សកម្មប្រយុទ្ធចំនួន ១៥នាក់ផ្សេងទៀត ត្រូវកងកម្លាំងសម្លាប់នៅក្នុងប្រតិបត្តិការមួយផ្សេងទៀត។ ការវាយឆ្មក់របស់កងកម្លាំងយោធាបានបំផ្លាញយានយន្តចំនួន ៦គ្រឿង រូងក្រោមដី ៥កន្លែង គ្រឿងផ្ទុះចំនួន ១៥៩គ្រឿង ម៉ូតូចំនួន ៣២គ្រឿង និងកាំភ្លើងស្វ័យប្រវត្តិចំនួ ន០៣ដើម និងឧបករណ៍ទំនាក់ទំនងឥតខ្សែមួយចំនួនផ្សេងទៀត។
សូមរំលឹកផងដែរថា ការវាយប្រហារពីមុនមកភាគច្រើនអះអាងដោយក្រុមភេរវករ ដែលមានមូលដ្ឋាននៅក្នុងខេត្តស៊ីណៃដែលមានភាពស្មោះត្រង់នឹងរដ្ឋអ៊ីស្លាម៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០