មន្ត្រីរដ្ឋាភិបាលប្រាប់ភ្នាក់ងារព័ត៌មានថា នៅថ្ងៃពុធ ទី០៩ ម្សិលមិញនេះ កងកម្លាំងដែលស្មោះត្រង់នឹងរដ្ឋាភិបាលយេម៉ែន និងក្រុមឧទ្ទាមហ៊ូទី (Houthi) បានធ្វើការផ្លាស់ប្តូរអ្នកទោសនៅខេត្តដាឡា (Dhalea) នៅភាគខាងត្បូងប្រទេសនៅថ្ងៃពុធ។
យោងតាមប្រភពរដ្ឋាភិបាលក្នុងតំបន់ដែលសុំមិនបញ្ចេញឈ្មោះបានអះអាងថា កងកម្លាំងគាំទ្ររដ្ឋាភិបាល បានដោះលែងសមាជិកក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ចំនួន១៥នាក់ចេញពីពន្ធនាគាររបស់ពួកគេ។ ប្រភពដដែលបានប្រាប់ឲ្យដឹងថា ក្រុមឧទ្ទាមហ៊ូទីបានដោះលែងទាហានភាគខាងត្បូងដែលគាំទ្ររដ្ឋាភិបាលសរុបចំនួន ១៥នាក់ជាថ្នូរ។
យោងតាមប្រភពមន្ត្រីបានអោយដឹងថា មេដឹកនាំកុលសម្ព័ន្ធសំខាន់ៗបានធ្វើសមាធិ និងទទួលបានជោគជ័យក្នុងការផ្លាស់ប្តូរទណ្ឌិតរវាងគូសង្គ្រាមទាំងពីរ។ អ្នកសម្រុះសម្រួលកុលសម្ព័ន្ធក្នុងប្រទេសយេម៉ែនបានទទួលជោគជ័យច្រើនដងក្នុងការបំពេញការផ្លាស់ប្តូរទណ្ឌិតរវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមហ៊ូធីនៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសអារ៉ាប់ដែលរងការហែកហួរដោយសង្គ្រាម។
សូមរំលឹកផងដែរថា ប្រទេសយេម៉ែនបានជាប់នៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤ នៅពេលដែលក្រុមឧទ្ទាមនិកាយស៊ីអ៊ីតហ៊ូទីបានត្រួតត្រាតំបន់ជាច្រើនក្នុងប្រទេស និងដណ្តើមបានខេត្តភាគខាងជើងទាំងអស់រួមទាំងរដ្ឋធានីសាណា (Sanaa) ផងដែរ។
ប្រទេសអារ៉ាប់ប៊ីសាអូឌីតបានដឹកនាំសម្ព័ន្ធយោធាអារ៉ាប់ប្រឆាំងនឹងឧទ្ទាមហ៊ូធីដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែនអស់រយៈពេលច្រើនជាង៥ឆ្នាំមកហើយក្នុងការគាំទ្ររដ្ឋាភិបាលដែលមានការទទួលស្គាល់ជាអន្តរជាតិរបស់ប្រធានាធិបតីយេម៉ែនលោក Abd-Rabbu Mansour Hadi ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០