អ្នកឃ្លាំមើលសង្រា្គមបានឲ្យដឹងថា កម្លាំងអ៊ីរ៉ង់ចំនួន០៩នាក់ត្រូវសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) សម្លាប់នៅពេលដែលសមាជិកឧទ្ទាមបានធ្វើការវាយប្រហារលើទីតាំងយោធាអ៊ីរ៉ង់មួយនៅភាគខាងកើតប្រទេសស៊ីរីនៅថ្ងៃព្រហស្បតិ៍។
ក្រុមឃ្លាំមើលសិទិ្ធមនុស្សស៊ីរីនិយាយថា ការវាយប្រហារបានកើតឡើងនៅក្នុងតំបន់ Jweif លើវាលខ្សាច់នៃទីក្រុង al-Mayadeen នៅភាគខាងកើតនៃតំបន់ Deir al-Zour ។
នៅក្នុងរបាយការណ៍សរសេរថា សមាជិកសកម្មប្រយុទ្ធ IS ចំនួន០២នាក់ក៏ត្រូវកងកម្លាំងសម្លាប់ផងដែរនៅក្នុងអំឡុងពេលប្រយុទ្ធគ្នា ខណៈដែលយុទ្ធជនដែលគាំទ្រដោយអ៊ីរ៉ង់បានបញ្ជូនកងកម្លាំងទៅតំបន់នោះ។
ការវាយប្រហារនោះគឺជាការវាយប្រហារចុងក្រោយបំផុតរបស់ឧទ្ទាម IS លើតំបន់វាលខ្សាច់នៅភាគខាងកើតប្រទេសស៊ីរីប្រឆាំងនឹងទីតាំងរបស់កងទ័ពស៊ីរី និងយុទ្ធជនដែលគាំទ្រដោយអ៊ីរ៉ង់។
យោងតាមប្រភពព័ត៌មានពីក្រុមអ្នកឃ្លាំមើលបានឲ្យដឹងថា ចាប់តាំងពីខែមីនាមកសកម្មប្រយុទ្ធ និងអ្នកគាំទ្ររដ្ឋាភិបាលស៊ីរីចំនួន១០៥៥នាក់ ត្រូវឧទ្ទាម IS សម្លាប់ក្នុងការវាយប្រហាររបស់ឧទ្ទាម IS នៅលើវាលខ្សាច់ ហើយមានសមាជិកសកម្មប្រយុទ្ធ IS ចំនួន ៥៨៦នាក់ស្លាប់នៅក្នុងការប្រយុទ្ធនោះផងដែរ។
គួររំលឹកផងដែរថា សមាជិកសកម្មប្រយុទ្ធ IS បានបាត់បង់ការគ្រប់គ្រងតំបន់សំខាន់ៗនៅទូទាំងប្រទេសស៊ីរីប៉ុន្តែពួកគេនៅតែមានវត្តមាននៅតាមតំបន់វាលខ្សាច់នៅភាគខាងកើតប្រទេសស៊ីរី។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០