ភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីតបានផ្សាយថា កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ចូលរួមធ្វើសង្គ្រាមក្នុងប្រទេសយេម៉ែនអះអាងនៅថ្ងៃព្រហស្បតិ៍ស្តីពីមីស៊ីលរបស់ឧទ្ទាម Houthi ធ្លាក់ទៅក្នុងប្រទេសយេម៉ែន។
អ្នកនាំពាក្យកម្លាំងចម្រុះលោក Turki Al Maliki មានប្រសាសន៍ថា មីស៊ីលបាញ់នៅពេលព្រឹកចេញពីតំបន់ Sana’a ហើយក្រោយមកបានធ្លាក់ទៅក្នុងទីក្រុង Saada នៅប្រទេសយេម៉ែន។ យ៉ាងណាមិញ កងកម្លាំងចម្រុះក៏ធ្លាប់បានប្រកាសនៅសប្តាហ៍មុនអំពីវិធានចាំបាច់នានាដើម្បីអនុវត្តកិច្ចព្រមព្រៀង Riyadh ឲ្យបានពេញលេញ។
កិច្ចព្រមព្រៀងនេះមានការចុះហត្ថលេខានៅខែវិច្ឆិកាឆ្នាំមុនរវាងរដ្ឋាភិបាលជាប់ឆ្នោតក្នុងប្រទេសយេម៉ែន និងក្រុមប្រឹក្សាអន្តរកាលខាងត្បូង។
អ្វីដែលគួរឲ្យកត់សម្គាល់គឺចំណុចសំខាន់នៅក្នុងកិច្ចព្រមព្រៀងរួមមានការបង្រួបបង្រួមយោធាគ្រប់ទំរង់ទាំងអស់ដែលស្ថិតនៅក្រោមអំណាចរបស់ក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិ ព្រមទាំងការបង្កើតរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាពដែលមានការចូលរួមស្មើគ្នារវាងពលរដ្ឋនៅភាគខាងជើង និងភាគខាងត្បូងនៃប្រទេសយេម៉ែន៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០