យោធាអ៊ីរ៉ាក់និយាយថា នៅថ្ងៃសៅរ៍កងកម្លាំងអ៊ីរ៉ាក់សម្លាប់សមាជិកសកម្មប្រយុទ្ធចំនួន ០៥នាក់របស់រដ្ឋអ៊ីស្លាមជ្រុលនិយម (IS) និងចាប់ខ្លួនសមាជិកផ្សេងទៀតសរុបចំនួន០៩នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់។
សេចក្តីថ្លែងការណ៍របស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់ (JOC) សរសេរថា កម្លាំងយោធា Hashd Shaabi បានកម្ចាត់ការវាយប្រហាររបស់សមាជិកសកម្មប្រយុទ្ធ IS នៅតំបន់ Jurf al-Naser ក្នុងខេត្ត Babil នៅភាគខាងត្បូងនៃរដ្ឋធានីបាកដាដ (Baghdad) ក្នុងប្រទេសអ៊ីរ៉ាក់។ នៅក្នុងសេចក្តីថ្លែងការណ៍បបន្ថែមថា ការប៉ះទង្គិចគ្នាបានសម្លាប់សមាជិកសកម្មប្រយុទ្ធ IS ចំនួន០៥នាក់។
ប្រតិបត្តិការដោយឡែកមួយទៀត កងកម្លាំងអ៊ីរ៉ាក់ចាប់បានសមាជិកសកម្មប្រយុទ្ធ IS ចំនួន០៥ នាក់នៅតំបន់ Tarmiyah ដែលមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រខាងជើងរដ្ឋធានី Baghdad និងចាប់បានចំនួន ០៤នាក់ផ្សេងទៀតនៅខេត្ត Anbar ភាគខាងលិចប្រទេសអ៊ីរ៉ាក់ និងភាគខាងជើងខេត្ត Kirkuk។
កងកម្លាំងទ័ពក៏បានរកឃើញទីតាំងលាក់ខ្លួនជាច្រើនដែលប្រើប្រាស់ដោយសមាជិកសកម្មប្រយុទ្ធ IS និងបានធ្វើការរឹបអូសឃ្លាំងសម្ងាត់ អាវុធ រំសេវ និងគ្រាប់បែកជាច្រើន។
គួរបញ្ជាក់ថា ស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងចាប់តាំងពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់ឧទ្ទាម IS នៅទូទាំងប្រទេសនៅចុងឆ្នាំ២០១៧ ។
ទោះជាយ៉ាងណាក៏សមាជិកឧទ្ទាម IS ដែលនៅសេសសល់បានបង្កប់ខ្លួននៅតាមវាលខ្សាច់និងតំបន់រឹងមាំដោយធ្វើការវាយប្រហារឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកម្លាំងសន្តិសុខនិងជនស៊ីវិល៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០