នៅថ្ងៃចន្ទ ទី២១ មេបញ្ជាការយោធាអ៊ីស្រាអែលលោក Aviv Kochavi បានព្រមានអ៊ីរ៉ង់ថាបើមានការវាយប្រហារណាមួយធ្វើឡើងប្រឆាំងនឹងកម្លាំងអ៊ីស្រាអែលនោះនឹងមានការឆ្លើយតបភ្លាមពីកម្លាំងយោធាអ៊ីស្រាអែល។
លោក Kochavi មានប្រសាសន៍នៅក្នុងពីធីមួយដោយលោកមានភាពភ័យខ្លាចថា កម្លាំងអ៊ីរ៉ង់អាចធ្វើការសងសឹកចំពោះការស្លាប់របស់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ម្នាក់ដោយអ៊ីរ៉ង់ចោទថា អ៊ីស្រាអែលគឺជាអ្នកធ្វើឃាត។ លោកមានប្រសាសន៍ថា៖“មួយរយៈចុងក្រោយនេះ យើងសម្គាល់ឃើញមានកំណើននៃការគំរាមកំហែងពីកម្លាំងអ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល” ។
លោក Kochavi បន្ថែមថា ប្រសិនបើអ៊ីរ៉ង់ ឬកងជីវពល Hezbollah ដែលជាក្រុមប្រដាប់អាវុធ និងគណបក្សលីបង់គាំទ្រដោយអ៊ីរ៉ង់ហានចាត់វិធានការប្រឆាំងនឹងរដ្ឋអ៊ីស្រាអែលនោះពួកគេនឹងត្រូវខាតបង់ច្រើន។ លោកព្រមានថា៖
“The IDF (កម្លាំងការពារអ៊ីស្រាអែល) នឹងប្រយុទ្ធជាមួយអ្នកណាដែលចូលរួមក្នុងសកម្មភាពប្រឆាំងនឹងកម្លាំងអ៊ីស្រាអែល ឬប្រឆាំងនឹងគោលដៅអ៊ីស្រាអែលទោះបីជាដោយប្រឆាំងដោយផ្នែក ឬទាំងស្រុង ទាំងនៅទីជិតឬឆ្ងាយក៏ដោយ” ។ លោកបន្ថែមថា “ខ្ញុំនិយាយរឿងទាំងនេះឲ្យសមញ្ញ និងច្បាស់លាស់បំផុត ព្រមទាំងដោយមានការប្តេជ្ញាចិត្តពេញលេញ។ ជំហានការប្រយុទ្ធតបទៅវិញត្រូវបានរៀបចំឡើង និងមានការហាត់សម។ ខ្ញុំសូមផ្តាំទៅសត្រូវរបស់យើងថាកុំចង់មកសាកជាមួយយើង” ។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០