ភ្នាក់ងារព័ត៌មានតួកគី Anadolu គ្រប់គ្រងដោយរដ្ឋរាយការណ៍នៅថ្ងៃពុធថា ប៉ូលិសតួកគីឃាត់ខ្លួនជនសង្ស័យបរទេសសរុបចំនួន២១នាក់ទាក់ទិនទៅនឹងសង្ស័យថាពួកគេជាសមាជិកក្រុមសកម្មប្រយុទ្ធអ៊ីស្លាម (IS) នៅក្នុងខេត្តចំនួនពីរ។
កម្លាំងប្រឆាំងភេរវកម្មខេត្តគាំទ្រដោយកម្លាំងពិសេសបានបើកប្រតិបត្តិការដំណាលគ្នានៅភាគខាងជើងនៃខេត្ត Ordu និងចាប់ខ្លួនជនជាតិអ៊ីរ៉ាក់ចំនួន១០នាក់។
គេជឿថា មនុស្សដែលសមត្ថកិច្ចចាប់ខ្លួនទាំងអស់នៅក្នុងប្រតិបត្តិការមានសកម្មភាពក្នុងអង្គភាពផ្សេងៗរបស់ឧទ្ទាម IS។ ប៉ូលិសថែមទាំងបានរឹបអូសសំភារៈឌីជីថល និងឧបករណ៍ point-of-sale (POS) ដែលជាកម្មសិទ្ធិរបស់ធនាគារបរទេសក្នុងអំឡុងពេលធ្វើប្រតិបត្តិការវាយឆ្មក់។ លោក Anadolu បន្ថែមថា ក្នុងប្រតិបត្តិការដាច់ដោយឡែកមួយផ្សេងទៀតនៅភាគកណ្តាលខេត្ត Kayseri ប៉ូលិសបានឃាត់ខ្លួនសមាជិកសង្ស័យចំនួន១១នាក់ផ្សេងទៀតដែលជាជនជាតិបរទេសទាំងអស់ ប៉ុន្តែមិនបានបង្ហាញពីសញ្ជាតិរបស់ពួកគេ។
កម្លាំងប្រឆាំងភេរវកម្មរបស់តួកគីបានបង្កើនប្រតិបត្តិការវាយឆ្មក់របស់ពួកគេប្រឆាំងនឹងសមាជិកក្រុមឧទ្ទាម ដោយប្រតិបត្តិការនោះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការតាមដានសកម្មភាពរបស់ក្រុម IS នៅក្នុងប្រទេស។
គួរបញ្ជាក់ផងដែរថា សមាជិក IS ត្រូវបានស្តីបន្ទោសចំពោះការវាយប្រហារនៅក្នុងប្រទេសតួកគីចាប់តាំងពីឆ្នាំ២០១៥មក៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០