ក្រសួងការពារជាតិលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ថា សមាជិកសកម្មប្រយុទ្ធសរុបចំនួន២១នាក់ស្លាប់នៅពេលដែលយន្តហោះយោធាវាយប្រហារលើការប្រមូលផ្តុំរបស់សមាជិកតាលីបង់ក្នុងស្រុកNawa នៅភាគខាងត្បូងខេត្ត Helmand។
សមាជិកសកម្មប្រយុទ្ធតាលីបង់មួយក្រុមបានប្រមូលផ្តុំគ្នានៅតំបន់ Momen Khan ក្នុងស្រុក Nawa នៅថ្ងៃពុធដើម្បីវាយប្រហារលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ ប៉ុន្តែយន្តហោះយោធាដែលត្រៀមទុកជាមុនបានវាយប្រហារលើការប្រមូលផ្តុំគ្នានោះ ដោយសម្លាប់សមាជិកសកម្មប្រយុទ្ធចំនួន២១នាក់នៅនឹងកន្លែង និងចំនួន០៩នាក់ផ្សេងទៀតរងរបួស។
នៅក្នុងសេចក្តីថ្លែងការណ៍បន្ថែមឲ្យដឹងថា អាវុធ និងគ្រាប់រំសេវមួយចំនួនធំរបស់សមាជិកសកម្មប្រយុទ្ធក៏ត្រូវបានបំផ្លាញផងដែរនៅក្នុងអំឡុងពេលនៃការវាយឆ្មក់នេះ។
ក្រុមសកម្មប្រយុទ្ធតាលីបង់មិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយអ្វីនៅឡើយទេ។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ខែធ្នូ ឆ្នាំ២០២០