នៅថ្ងៃអាទិត្យ ទី២៧ កងកម្លាំងទ័ពចេញសេចក្តីថ្លែងការណ៍មួយមានសេចក្តីថា សមាជិកភេរវករបានវាយឆ្មក់លើប៉ុស្តិ៍របស់កងកម្លាំងសន្តិសុខជួរមុខនៅភាគនិរតីនៃខេត្ត Balochistan ក្នុងប្រទេសប៉ាគីស្ថាន ដោយសម្លាប់បុគ្គលិកសន្តិសុខចំនួន០៧នាក់។
ប្រព័ន្ធទំនាក់ទំនងសាធារណៈរបស់កងកម្លាំងយោធានិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាទាហានបានប្រយុទ្ធគ្នាជាមួយសមាជិកក្រុមភេរវករយ៉ាងចាស់ដៃនៅល្ងាចថ្ងៃសៅរ៍ ក្រោយពីតំបន់នោះត្រូវបានហ៊ុមព័ទ្ធ ហើយផ្លូវចេញត្រូវបានបិទដើម្បីចាប់សមាជិកភេរវករដែលចង់រត់ភៀសខ្លួន។
ប្រតិបត្ដិការស្វែងរក និងបោសសំអាតទ្រង់ទ្រាយធំកំពុងដំណើរការ។ សកម្មភាពដ៏ឃោឃៅរបស់ភេរវករនឹងមិនអាចទុកនៅនាំឱ្យមានការបំផ្លាញសន្តិភាព និងវិបុលភាពនៅក្នុងខេត្ត Balochistan បានឡើយ។ សេចក្តីថ្លែងការណ៍បន្ថែមថា កងកម្លាំងសន្តិសុខបានប្តេជ្ញាចិត្តបញ្ឈប់ចលនារបស់ភេរករដោយមិនគិតពីការខាតបង់អ្វីទាំងអស់។
គួរបញ្ជាក់ផងដែរថា នេះជាការប៉ះទង្គិចគ្នាលើកទី៣ រវាងកងកម្លាំងសន្តិសុខ និងសមាជិកក្រុមភេរវករនៅក្នុងខេត្តនោះ។ នៅក្នុងការប៉ះទង្គិចគ្នាចំនួនពីរលើកមុនបណ្តាលឲ្យទាហាន និងសមាជិកសកម្មប្រយុទ្ធទាំងអស់ចំនួន១០នាក់ស្លាប់ក្នុងការប្រយុទ្ធគ្នា៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២០