ប្រភពពីសន្តិសុខបាននិយាយថាយ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់ដោយសារការផ្ទុះធុងហ្គាស និងការវាយប្រហារប្រដាប់អាវុធនៅខេត្ត Diyala ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃច័ន្ទនេះ។
ប្រភពដដែលបានបន្តទៀតថាបុរសប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណបានបើកការបាញ់ប្រហារទៅលើអ្នកលក់ត្រីម្នាក់ស្ថិតនៅក្នុងស្រុក Kanaan ភាគខាងកើតខេត្ត Diyala ដោយបានសម្លាប់គាត់ភ្លាមៗ និងបណ្តាលឱ្យមានអ្នករងរបួសផ្សេងទៀតមុនពេលរត់គេចចេញពីកន្លែងកើតហេតុឆ្ពោះទៅកាន់កន្លែងដែលមិនស្គាល់។
ទន្ទឹមនឹងនេះយ៉ាងហោចណាស់មានមនុស្ស៥នាក់បានស្លាប់បន្ទាប់ពីរថយន្តដឹកប្រេងបានផ្ទុះនៅលើផ្លូវ Khalis ស្ថិតនៅភាគខាងជើងខេត្ត Diyala ខណៈដែលពុំមានព័ត៌មានជាក់លាក់ណាមួយត្រូវបានគេដឹងអំពីមូលហេតុនៃការផ្ទុះនេះ។
ការផ្ទុះនេះក៏បណ្តាលឱ្យឆេះរថយន្តចំនួន៣គ្រឿងដែលដឹកជនស៊ីវិលស្ថិតនៅក្នុងតំបន់នោះផងដែរ។ អ្នកពន្លត់អគ្គិភ័យ និងក្រុមសង្គ្រោះបន្ទាន់បានមកដល់កន្លែងកើតហេតុភ្លាមៗបន្ទាប់ពីការផ្ទុះ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០