ប្រធានសម្ព័ន្ធអារ៉ាប់ថ្កោលទោសការផ្ទុះនៅព្រលានយន្តហោះ Aden ថាជាការវាយប្រហារភេរវកម្ម

0

នៅថ្ងៃពុធ ទី៣០ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul-Gheit បានធ្វើការថ្កោលទោស ចំពោះការ​វាយប្រហារដ៏កក្រើក នៅអាកាសយានដ្ឋានក្នុងទីក្រុងកំពង់ផែ Aden ក្នុងប្រទេសយេម៉ែនភ្លាមៗ ក្រោយពី​យន្តហោះ​ដឹករដ្ឋាភិបាលថ្មីបានទៅដល់ព្រលានយន្តហោះដោយលោកទើបតែវិលត្រលប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Aboul-Gheit អះអាងពីការផ្ទុះនេះថា ជាការវាយប្រហារភេរវកម្ម ដែលមាន​គោលបំណងបំផ្លាញកិច្ចព្រមព្រៀងនយោបាយដែលទើបតែសម្រេចបាននៅក្រោមការឧបត្ថម្ភរបស់ទីក្រុងរីយ៉ាដ(Riyadh)។ លោកបន្ថែមថា កិច្ចព្រមព្រៀងនយោបាយនាំឲ្យឈានទៅដល់ការបង្កើតរដ្ឋាភិបាលបែងចែកអំណាចថ្មី និងផ្តោតសំខាន់​លើការផ្សះផ្សារការបែកបាក់គ្នា។ លោកបន្ថែមថា អ្នកដែលនៅពីក្រោយការវាយប្រហារនោះមិនចង់ទទួល​បាននូវអ្វីដែល​ល្អប្រសើរសម្រាប់ប្រទេសយេម៉ែន និងប្រជាជនរបស់ខ្លួននោះទេ ហើយថែមទាំងព្យាយាមបង្កើតភាពវឹកវរ និងបង្កបញ្ហា​នាំឲ្យ​ប្រជាពលរដ្ឋរងទុក្ខ។

ប្រធានអង្គភាពការពារប្រជាជនអារ៉ាប់ ដែលកំពុងកាន់ទុក្ខចំពោះជនរងគ្រោះបានបង្ហាញការសាទរ​ចំពោះការងារ​ដ៏ក្លាហាន​របស់រដ្ឋាភិបាលថ្មី ដែលខិតខំធ្វើកិច្ចការក្នុងពេលវេលាដ៏លំបាកបំផុតដើម្បីកាត់បន្ថយទុក្ខវេទនារបស់ប្រជាជនយេម៉ែន។

គួរបញ្ជាក់ផងដែរថា ការផ្ទុះដ៏កក្រើកចំនួន០៣លើកបានធ្វើឱ្យរង្គើដល់អាកាសយានដ្ឋានអន្តរជាតិ Aden នៅថ្ងៃពុធ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន២០នាក់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here