សេចក្តីថ្លែងការណ៍មួយរបស់រដ្ឋបាលខេត្តចេញផ្សាយនៅថ្ងៃចន្ទ ទី០៤ ខែមករាថា ការវាយឆ្មក់តាមអាកាសរបស់កងកម្លាំងអាហ្វហ្គានីស្ថានសម្លាប់ក្រុមសកម្មប្រយុទ្ធចំនួន១៣នាក់ រួមទាំងមេបញ្ជាការតាលីបង់លោក Mohammed Omar នៅស្រុក Batikot ភាគខាងកើតខេត្ត Nangarhar ក្នុងប្រទេសអាហ្វហ្គានីស្ថាន។
យោងតាមសេចក្តីថ្លែងការណ៍បញ្ជាក់ឲ្យដឹងថា លោក Omar ដែលបម្រើការជាមេបញ្ជាការក្រុមតាលីបង់នៅក្នុងតំបន់នោះគឺជាអតីតអ្នកទោសតាលីបង់ដែលរដ្ឋាភិបាលទើបតែដោះលែងឲ្យចេញពីពន្ធនាគារនៅរយៈពេលប៉ុន្មានខែមុន។
គួរបញ្ជាក់ផងដែរថា ដោយផ្អែកលើកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងតាលីបង់ដែលគេហៅថា កិច្ចព្រមព្រៀងសន្តិភាពចុះហត្ថលេខាក្នុងខែកុម្ភៈឆ្នាំមុន រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានដោះលែងអ្នកទោសតាលីបង់ចំនួនច្រើនជាង៥០០០នាក់ជាថ្នូរនឹងការដោះលែងបុគ្គលិកសន្តិសុខចំនួន១០០០ នាក់ឲ្យរួចផុតពីការឃុំឃាំងរបស់សកម្មប្រយុទ្ធតាលីបង់។
ប្រភពមន្ត្រីអាហ្វហ្គានីស្ថានបន្ថែមឲ្យដឹងថា សកម្មប្រយុទ្ធតាលីបង់ចំនួនរាប់រយនាក់ដែលរដ្ឋាភិបាលដោះលែងបានវិលត្រឡប់ចូលទៅក្នុងសមរភូមិវិញ។
សមាជិកតាលីបង់បានច្រានចោលលើការអះអាងរបស់មន្ត្រីរដ្ឋាភិបាល ដោយពួកគេនិយាយថា ពុំមានសមាជិកតាលីបង់ណាមួយដែលរដ្ឋាភិបាលដោះលែងបានវិលត្រលប់ចូលទៅក្នុងទៅសមរភូមិវិញនោះទេ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០