នៅថ្ងៃចន្ទ ទី០៤ ខែមករា មន្ត្រីជាន់ខ្ពស់ Hamas និយាយថា ក្រុម Hamas បានយល់ព្រមរៀបចំការបោះឆ្នោតទូទៅនៅលើទឹកដីប្រទេសប៉ាឡេស្ទីន ក្រោយពីប្រទេសចំនួន៤ធានាថាការបោះឆ្នោតនឹងបានជោគជ័យ។
លោក Taher al-Nono ជាជំនួយការប្រធានក្រុម Hamas លោក Ismail Haniyeh មានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ប្រទេសទាំង៤ដែលធ្វើការធានាមានដូចជាប្រទេសអេហ្ស៊ីប ប្រទេសកាតា ប្រទេសតួកគី និងប្រទេសរុស្ស៊ី។
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas មានប្រសាសន៍ថា លោកទទួលលិខិតពីលោក Haniyeh ស្តីពីការបញ្ចប់ជម្លោះរវាងក្រុម Hamas និងក្រុម Fatah។ លោក al-Nono មានប្រសាសន៍ថា៖
“លិខិតរបស់ Haniyeh ផ្ញើជូនលោកប្រធានាធិបតី Abbas ដើម្បីរៀបចំការបោះឆ្នោតហើយវាជាជំហានមួយដើម្បីសម្រេចបាននូវភាពជាដៃគូនិងសាមគ្គីភាពរបស់រដ្ឋធម្មនុញ្ញប៉ាឡេស្ទីន៣កម្រិតគឺនីតិកាល ប្រធានាធិបតី និងក្រុមប្រឹក្សាជាតិ។
លោកក៏បានបង្ហើបឱ្យដឹងផងដែរថា លោក Hana Nasser ប្រធានគណៈកម្មការបោះឆ្នោតកណ្តាលប៉ាឡេស្ទីននឹងធ្វើទស្សនកិច្ចទៅតំបន់ Gaza នាពេលឆាប់ៗនេះដើម្បីរៀបចំ និងធ្វើកិច្ចចរចារយន្តការសម្រាប់ការបោះឆ្នោត។
នៅថ្ងៃអាទិត្យសប្តាហ៍មុន លោក Haniyeh មានប្រសាសន៍នៅក្នុងសុន្ទរកថា ចាក់ផ្សាយតាមទូរទស្សន៍ Al-Aqsa ថា ក្រុម Hamas និង Fatah បានបញ្ចប់ជម្លោះរបស់ពួកគេដោយធ្វើការបោះឆ្នោតទូទៅ។ លោកបន្ថែមថា ក្រុម Hamas ត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងប្រធានាធិបតី។
គួររំលឹកផងដែរថា ជម្លោះបែងចែកផ្ទៃក្នុងរវាងក្រុម Fatah និង Hamas កើតឡើងក្រោយពីក្រុម Hamas បានដឹកនាំកងកម្លាំងសន្តិសុខ Abbas ទៅតំបន់ Gaza Strip និងដណ្តើមកាន់កាប់ទឹកដីប៉ាឡេស្ទីននៅរដូវក្តៅឆ្នាំ២០០៧ ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១