អាជ្ញាធរនិយាយនៅថ្ងៃអង្គារ៍ថា កងកម្លាំងរដ្ឋាភិបាលវាយប្រហារលើបុស្តិ៍ត្រួតពិនិត្យបណ្តោះអាសន្នរបស់ក្រុមតាលីបង់ក្នុងខេត្តចំនួនពីរនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន និងសម្លាប់សមាជិកតាលីបង់ចំនួន១១នាក់។
នៅថ្ងៃអង្គារ៍ ទី០៥ ក្នុងខេត្ត Kunduz កងទ័ពជាតិអាហ្វហ្គានីស្ថានធ្វើការវាយប្រហារដោយប្រើកាំភ្លើងលើប៉ុស្តិ៍ត្រួតពិនិត្យបណ្តោះអាសន្នមួយដែលសកម្មប្រយុទ្ធតាលីបង់ប្រើប្រាស់ដើម្បីជំរិតយកយានយន្ត និងរថយន្តដឹកទំនិញនៅតាមដងផ្លូវក្នុងតំបន់ Dubanddi។ ការវាយប្រហារនោះសម្លាប់សមាជិកសកម្មប្រយុទ្ធចំនួន៥នាក់។លោកមានប្រសាសន៍ថា៖
“ពុំមានជនស៊ីវិលណាម្នាក់រងផលប៉ះពាល់នៅក្នុងការវាយប្រហារនោះទេ ហើយរថយន្តរបស់ក្រុមសកម្មប្រយុទ្ធត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារនោះ” ។
អ្នកនាំពាក្យប៉ូលិសខេត្តលោក Ahmad Jawid Basharat បញ្ជាក់ឲ្យដឹងថា នៅថ្ងៃចន្ទសមាជិកសកម្មប្រយុទ្ធតាលីបង់ចំនួន៦នាក់ស្លាប់ និងចំនួន៤នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហាររបស់កងទ័ពដែលផ្តោតចម្បងលើបុស្តិ៍ជំរិតទារប្រាក់របស់សមាជិកតាលីបង់នៅជិតផ្លូវធំមួយនៅក្នុងតំបន់ Cheshma-e-Shir ជាប់ខេត្ត Baghlan ។
សមាជិកសកម្មប្រយុទ្ធតាលីបង់មិនទាន់ឆ្លើយតបចំពោះរបាយការណ៍នៃការវាយប្រហារ និងពីអ្នករងរបួសនៅឡើយទេ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០