កងជីវពល Houthi និយាយថា ពួកគេបាញ់ទម្លាក់យន្តហោះស៊ើបការណ៍នៅតាមព្រំដែន

0

កងជីវពល Houthi យេម៉ែននិយាយថា ពួកគេបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅតាមព្រំដែនរវាងប្រទេសយេម៉ែននិងប្រទេសអារ៉ាប៊ីសាអូឌីតនៅរសៀលថ្ងៃពុធ។

ប្រភពព័ត៌មានពីទូរទស្សន៍ដកស្រង់សេចក្តីថ្លែងការណ៍ពីអ្នកនាំពាក្យសកម្មប្រយុទ្ធ  Houthi លោក Yahya Sarea មានសេចក្តីថា យន្តហោះគ្មានមនុស្សបើកនេះត្រូវគេបាញ់ទម្លាក់នៅតំបន់ Al-Mahashima ក្នុងខេត្ត al-Jawf ភាគខាងជើងប្រទេសយេម៉ែន។

លោកនិយាយដោយមិនផ្តល់ព័ត៌មានលម្អិតទេថា ប្រតិបត្តិការនេះត្រូវសកម្មប្រយុទ្ធ  (Houthi) ប្រើម៉ាស៊ីនថតរបស់ពួកគេដើម្បីថតវីដេអូទុកជាឯកសារ។

គួរបញ្ជាក់ផងដែរថា តំបន់ Al-Mahashima មានទីតាំងស្ថិតនៅចម្ងាយប៉ុន្មានម៉ាយភាគខាងត្បូងនៃតំបន់ព្រំដែនរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ តំបន់នោះគឺជាតំបន់ជួរមុខរវាងក្រុមសកម្មប្រយុទ្ធ Houthi និងកងទ័ពរដ្ឋាភិបាលយេម៉ែន ដែលគាំទ្រដោយកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត។

យ៉ាងណាមិញ កម្លាំងចម្រុះមិនទាន់បានធ្វើសេចក្តីអត្ថាធិប្បាយអ្វីនៅឡើយទេចំពោះការអះអាងរបស់ក្រុមសកម្មប្រយុទ្ធ Houthi ។

សូមរំលឹកផងដែរថា ប្រទេសយេម៉ែនបានធ្លាក់ក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤ នៅពេលដែលក្រុមឧទ្ទាម Houthi គាំទ្រដោយអ៊ីរ៉ង់ដណ្តើមបានការកាន់កាប់ខេត្តជាច្រើននៅភាគខាងជើង និងបង្ខំឱ្យរដ្ឋាភិបាលដែលមានការទទួលស្គាល់ពីអន្តរជាតិរបស់ប្រធានាធិបតីលោក Abd-Rabbu Mansour Hadi ចេញពីទីក្រុង Sanaa។ សម្ព័ន្ធអារ៉ាប់ដឹកនាំដោយអារ៉ាប់បានធ្វើអន្តរាគមន៍ក្នុងជម្លោះនៅប្រទេសយេម៉ែនក្នុងឆ្នាំ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាល Hadi៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here