កងទ័ពនីហ្សេរីយ៉ាសម្លាប់សមាជិកសកម្មប្រយុទ្ធ Boko Haram ចំនួន២៨នាក់ក្នុងប្រតិបត្តិការមួយនៅរដ្ឋ Yobe ភាគឥសានរបស់ប្រទេសនីហ្សេរីយ៉ា។
អ្នកនាំពាក្យយោធាលោក Benard Onyeuko លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទថា ប្រតិបត្ដិការដែលធ្វើឡើងនៅថ្ងៃសៅរ៍ កងកម្លាំងទ័ពបានប្រើយុទ្ធសាស្ត្រស៊ីជម្រៅលើឧក្រិដ្ឋជន និងលើអ្នកចូលរួមផ្សេងទៀត ដែលកត្តានោះបណ្តាលឱ្យភាគីភេរវករមានគ្រោះថ្នាក់ខ្លាំងនៅស្រុក Gujba ក្នុងរដ្ឋ Yobe ។
អ្នកនាំពាក្យនិយាយថា ភេរវករ Boko Haram មួយចំនួនទៀតបានរត់គេចខ្លួនដោយមានរងរបួសពីគ្រាប់កាំភ្លើង។
កងទ័ពក៏បានរកឃើញឡានដឹកកាំភ្លើង អាវុធជាច្រើនដើម អាវុធយុទ្ធភ័ណ្ឌមួយចំនួន ព្រមទាំងគ្រាប់កាំភ្លើងជាច្រើនគ្រាប់អំឡុងពេលមានការបាញ់គ្នា។លោកបន្ថែមទៀតថា ប្រតិបត្តិការបន្ថែមត្រូវបានពង្រឹងក្នុងតំបន់នោះ។ លោក Onyeuko បញ្ជាក់ថា ទាហានចំនួន១នាក់ស្លាប់ និងទាហានចំនួន១នាក់ផ្សេងទៀតរងរបួសនៅពេលមានការបាញ់តបតគ្នា។
គួររំលឹកផងដែរថា រដ្ឋាភិបាលនីហ្សេរីយ៉ាបានបើកប្រតិបត្តិការយោធាជាច្រើនលើកនៅរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះដើម្បីលុបបំបាត់សមាជិកក្រុមជ្រុលនិយមដែលបង្ហាញខ្លួននៅតំបន់ភាគឥសានរបស់ប្រទេសនៅរយៈពេលជាងមួយទសវត្សរ៍មុន ហើយថែមទាំងបានបង្កការគំរាមកំហែងផ្នែកសន្តិសុខដល់បណ្តាប្រទេសនានានៅក្នុងតំបន់ Lake Chad ៕