នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា មានហេតុការណ៍ផ្ទុះគ្រាប់បែកមួយកើតឡើងក្នុងខេត្ត Tebessa ភាគខាងកើតប្រទេសអាល់ហ្សេរី។ ហេតុការណ៍នោះសម្លាប់មនុស្សចំនួន ៥នាក់ និងបណ្តាលឲ្យមនុស្សចំនួន៣នាក់ផ្សេងទៀតរងរបួស។
នៅក្នុងសេចក្តីថ្លែងការណ៍បញ្ជាក់ថា ជនស៊ីវិលចំនួន៥នាក់ស្លាប់នៅពេលរថយន្តរបស់ពួកគេបើកបរឆ្លងកាត់ដោយគ្រាប់បែកនៅស្រុក Telidjane ក្នុងខេត្ត Tebessa ជិតព្រំដែនជាមួយប្រទេសទុយនីស៊ី។ ប្រភពដដែលបន្ថែមថា អ្នកដំណើរចំនួន៣នាក់ផ្សេងទៀតរងរបួស ដោយពុំមានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
សេចក្តីថ្លែងការណ៍បន្ថែមទៀតថា ក្រោយពីមានការវាយឆ្មក់មួយនៅតំបន់ Guentis ក្នុងខេត្ត Khenchela កម្លាំងទ័ពបាញ់សម្លាប់ភេរវករដ៏គ្រោះថ្នាក់ចំនួន១នាក់។
គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអាល់ហ្សេរីមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នៅរយៈពេលទសវត្សចុងក្រោយនេះ។ ទោះយ៉ាងណាការប៉ះទង្គិចគ្នារវាងកម្លាំងសន្តិសុខ និងក្រុមភេរវករនៅតែកើតឡើងជាបន្តបន្ទាប់៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១