ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ភាគ​ខាងជើង​អ៊ីរ៉ាក់​សម្លាប់​មនុស្ស ៧នាក់

0

សន្ដិសុខ​នៅក្នុង​តំបន់ និង​ពេទ្យ​ម្នាក់​និយាយថា នៅ​ថ្ងៃអាទិត្យ ទី១៧ ខែមករា មាន​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​មួយ​កើតឡើង​នៅ​ភាគ​ខាងលិច​ទី​រួម​ខេត្ត Nineveh ក្នុង​ទីក្រុង Mosul។ ហេតុការណ៍​នោះ​សម្លាប់​សមាជិក​សន្តិសុខ​ចំនួន៦នាក់ និង​ជន​ស៊ីវិល​ចំនួន១នាក់។

ប្រភព​សន្តិសុខ​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា ការផ្ទុះ​នេះ​កើតឡើង​នៅក្នុង​ភូមិ​មួយ ដែលមាន​ចម្ងាយ​ប្រហែល១០០គីឡូម៉ែត្រ​នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង Mosul នៅពេលដែល​សមាជិក​ស​ន្តិ​សុខ​កំពុង​ព្យាយាម​ដោះ​គ្រាប់បែក​ដោយ​គេ​ជឿថា គ្រាប់បែក​នោះ ជា​គ្រាប់បែក​របស់រប​ស់ស​មា​ជិ​ក​រដ្ឋ​អ៊ីស្លាម​ជ្រុលនិយម (IS) ដែល​បន្សល់​ទុកចោល ក្រោយពី​ពួកគេ​ធ្លាប់បាន​គ្រប់គ្រង​តំបន់​នោះ​មុន​ឆ្នាំ២០១៧ ។

វេជ្ជបណ្ឌិត Jaafar Muhsin ជា​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​សំខាន់​ក្នុង​ទីប្រជុំជន Tal Afar ដែលមាន​ចម្ងាយ​ប្រហែល ៧០ គីឡូម៉ែត្រ​ខាងលិច​ទីក្រុង Mosul ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ថា មន្ទីរពេទ្យ​ទទួល​សាកសព​ទាហាន​ចំនួន៥នាក់ និង​មន្ត្រី​ចំនួន១នាក់ ជន​ស៊ីវិល​ចំនួន១នាក់ និង​ទាហាន​ចំនួន២នាក់​ផ្សេងទៀត​រងរបួស។

គួរ​រំលឹក​ផងដែរ​ថា ស្ថានភាព​សន្តិសុខ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​មាន​ភាពប្រសើរឡើង​គួរឱ្យកត់សម្គាល់ ក្រោយពី​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​បាន​កម្ចាត់​សមាជិក​សកម្មប្រយុទ្ធ IS ជ្រុលនិយម​នៅ​ឆ្នាំ២០១៧ ។ ទោះជា​យ៉ាងណាក៏ដោយ សមាជិក​ឧទ្ទាម IS ដែល​នៅ​សេសសល់​បាន​បង្កប់ខ្លួន​នៅតាម​ទីប្រជុំជន ឬ​វាល​ខ្សាច់ និង​តំបន់​រឹងមាំ​ផ្សេងទៀត​ដោយ​ធ្វើការ​វាយប្រហារ​ឆ្មក់​ជា​ញឹកញាប់​ប្រឆាំងនឹង​កងកម្លាំង​សន្តិសុខ និង​ជន​ស៊ីវិល៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here