ប្រភពយោធាមូលដ្ឋានប្រាប់ភ្នាក់ងារសារព័ត៌មាននៅថ្ងៃចន្ទថា យ៉ាងហោចណាស់អ្នកប្រយុទ្ធចំនួន២៣នាក់មកពីភាគីកងទ័ពយេម៉ែន និងភាគីកងជីវពល Houthi ស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅកំពង់ផែសមុទ្រក្រហមរបស់ប្រទេសយេម៉ែន។
ស្របពេលជាមួយគ្នា ទូរទស្សន៍ Houthi-al-Masirah រាយការណ៍ថា យុទ្ធជន Houthi សម្លាប់កងកម្លាំងរដ្ឋាភិបាលចំនួនជាច្រើននាក់ក្នុងការប្រយុទ្ធគ្នានៅស្រុក al-Durayhimi នៅរយៈពេល២៤ម៉ោងចុងក្រោយ។ ទោះយ៉ាងណា ប្រភពនេះមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។
ទីក្រុង Hodeidah ប្រឈមនឹងការរង្គោះរង្គើរលើបទឈប់បាញ់គ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាម Houthis ចាប់តាំងពីពួកគេទទួលបានបទឈប់បាញ់គ្នាដែលមានការឧបត្ថម្ភពីអង្គការសហប្រជាជាតិនៅទីក្រុង Stockholm នៅខែធ្នូ ឆ្នាំ២០១៩។
គួរបញ្ជាក់ផងដែរថា ផ្នែកមួយរបស់ទីក្រុងនេះ(Hodeidah) ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឧទ្ទាម Houthis ខណៈដែលកងកម្លាំងរដ្ឋាភិបាលគ្រប់គ្រងនៅជាយក្រុងភាគខាងត្បូង និងភាគខាងកើត។
សូមរំលឹកផងដែរថា ប្រទេសយេម៉ែនធ្លាក់ក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤ នៅពេលដែលកងជីវពល Houthi គាំទ្រដោយអ៊ីរ៉ង់ដណ្តើមបានការកាន់កាប់តំបន់ជាច្រើននៅភាគខាងជើងនិងបង្ខំឱ្យរដ្ឋាភិបាលដែលមានការទទួលស្គាល់ជាអន្តរជាតិប្រធានាធិបតីលោក Abd-Rabbu Mansour Hadi ចេញពីរដ្ឋធានី Sanaa ។
យ៉ាងណាមិញ អង្គការសហប្រជាជាតិកំពុងព្យាយាមដើម្បីបញ្ចប់ជម្លោះ ដែលសម្លាប់មនុស្សចំនួនរាប់ពាន់នាក់ និងជាមូលហេតុនាំឲ្យប្រទេសអារ៉ាប់ធ្លាក់ក្នុងភាពស្រេកឃ្លាន៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទ១៩ ខែមករា ឆ្នាំ២០២១