អ្នកនាំពាក្យរដ្ឋបាលខេត្តលោក Attahullah Khogiani មានប្រសាសន៍ថា នៅថ្ងៃពុធ ទី២០មានហេតុការណ៍ផ្ទុះចំនួនពីរកើតឡើងនៅស្រុក Khogiani ក្នុងខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។ ហេតុការណ៍នេះសម្លាប់ជនស៊ីវិលចំនួន៣នាក់ និងបណ្តាលឲ្យមនុស្សចំនួន៧នាក់រងរបួស។
ប្រភពដដែលអះអាងថា គ្រាប់មីនដែលនៅសេសសល់ចំនួន២រលត់ទៅវិញក្នុងរយៈពេលពីរឬបីនាទីនៅតំបន់ Abko និង Dando នៅរសៀលថ្ងៃពុធ។ ការផ្ទុះលើកទី១ សម្លាប់ជនស៊ីវិលចំនួន១នាក់ និងចំនួន៣នាក់ទៀតរងរបួស។ ចំណែកឯការផ្ទុះលើកទី២សម្លាប់មនុស្សចំនួន២នាក់ និងមនុស្សចំនួន៤នាក់រងរបួស ដោយពួកគេជាជនស៊ីវិលទាំងអស់។
ដោយពុំមានផ្តល់ព័ត៌មានលម្អិតបន្ថែម ឬស្តីបន្ទោសលើក្រុមណាមួយ ប្រភពមន្ត្រីអះអាងថា ការស៊ើបអង្កេតលើឧប្បត្តិហេតុកំពុងដំណើរការ។
គួររំលឹកផងដែរថា ក្រុមតាលីបង់ និងក្រុមរដ្ឋអ៊ីស្លាមកំពុងធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងតំបន់នោះ ប៉ុន្តែពុំមាននរណាម្នាក់អះអាងទទួលខុសត្រូវឡើយ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២០ ខែមករា ឆ្នាំ២០២១