អាជ្ញាធរមូលដ្ឋានបាននិយាយយ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតបានរងរបួសកាលពីថ្ងៃពុធនេះនៅពេលដែលអគារមួយស្ថិតនៅកណ្តាលទីក្រុងម៉ាឌ្រីដដែលជាកម្មសិទ្ធិរបស់ព្រះវិហារកាតូលិកត្រូវបានផ្ទុះឡើង។
ការស៊ើបអង្កេតដំបូងបានលើកឡើងថាការផ្ទុះគឺស្ថិតនៅលើផ្លូវ Calle Toledo ដែលជាផ្លូវចេញពីកណ្តាលទីក្រុងបណ្តាលមកពីការលេចធ្លាយឧស្ម័ន នេះបើតាមប្រសាសន៍របស់លោកអភិបាលក្រុងលោក Jose Luis Martinez-Almeida។
មុននេះមន្ត្រីព្រះវិហារម្នាក់បាននិយាយថាអ្នកធ្វើការស្ម័គ្រចិត្តនៅព្រះវិហារម្នាក់បានបាត់ខ្លួន។ អាជ្ញាធរបាននិយាយថាជនរងគ្រោះម្នាក់នេះគឺជាស្ត្រីអាយុ៨៥ឆ្នាំ។
អ្នករងរបួសពីរនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងនោះម្នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរដោយមានរបួសក្បាល។
ផ្សែងបានហុយចេញពីអាគារដែលបាក់រលំ ហើយក្រុមអ្នកជួយសង្គ្រោះបានជម្លៀសមនុស្សចាស់ចេញពីមណ្ឌលថែទាំនៅក្បែរនោះ។
អ្នកជិតខាងម្នាក់បាននិយាយថាអគារនេះគឺជាអគារស្មុគស្មាញមួយដែលផ្តល់ការបណ្តុះបណ្តាលសម្រាប់ប្រជាជន និងបានផ្តល់អាហារដល់ប្រជាជនដែលគ្មានផ្ទះសម្បែង។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២០ ខែមករា ឆ្នាំ២០២១